(ភ្នំពេញ)៖ ក្រុមហ៊ុន OCIC នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអំពាវនាវដល់អ្នកបើកបរកាណូតនាវា តាមដងទន្លេសាបទាំងអស់ ចូលរួមសហការ ក្នុងការសាងសង់ស្ពានបាឡេ ភ្ជាប់ពីតំបន់ឃ្លាំងសាំងសូគិម៉ិច ផ្លូវជាតិលេខ៥ ទៅកាន់តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ដោយសូមឲ្យបើកបរក្នុងល្បឿនអតិបរិមា នៅទីតាំងដែលកំពុងសាងសង់ស្ពាននោះ ដើម្បីកុំឲ្យបង្កការរំខាន និងប៉ះពាល់ការសាងសង់ស្ពាន។

ការអំពាវនាវយ៉ាងដូច្នេះរបស់ ក្រុមហ៊ុន OCIC ធ្វើឡើងបន្ទាប់ពីកន្លងមកនេះ មានកាណូតនាវាមួយចំនួន ពិសេសកាណូតដឹកខ្សាច់ បានបើកបរលើដងទន្លេសាប ដោយល្បឿនលឿន ធ្វើឲ្យមានរលកធំៗ បង្កការរំខានដល់ការដំណើរដំឡើងគ្រោងដែកតួស្ពាន។

លោក ទូច សំណាង អគ្គនាយករង ក្រុមហ៊ុន OCIC បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ការសាងសង់ស្ពានបាឡេនេះ សម្រេចបានប្រមាណ៦០ភាគរយហើយ ដោយកំពុងដំណើរការដំឡើងគ្រោងដែកតួស្ពាន ដូច្នេះសូមអំពាវនាវដល់អ្នកបើកបរនាវាទាំងអស់ សូមបន្ថយល្បឿនឲ្យដល់កម្រិតទាបបំផុត នៅទីតាំងការដ្ឋាននេះ រហូតដល់ការងារសាងសង់ស្ពាន ត្រូវបញ្ចប់នៅរយៈពេលប្រមាណ១ខែកន្លះ ឬ២ខែទៀត។

សូមម្រាបថា ស្ពានបាឡេឆ្លងកាត់ទន្លេសាប ពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ទៅផ្លូវជាតិលេខ៥នេះ មានទទឹង១២ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ដោយចំណាយថវិកាចំនួន៩លានដុល្លារ ប្រើពេលសាង​សង៦ខែ៕