(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានស្នើរដ្ឋាភិបាលអូស្ដ្រាលី បន្ដគម្រោងសកម្មភាពការងារនគរបាល និងសហគមន៍ ហៅកាត់ថា CPI ព្រោះថា គម្រោងនេះបានជួយរួមចំណែកដល់ការបង្កើនសមត្ថភាពនគរបាលកម្ពុជា។

ការស្នើបែបនេះរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កិច្ចប្រជុំបូកសរុបលទ្ធផលការងារនគរបាល និងសហគមន៍ ដំណាក់កាលទី២ រយៈពេល៨ខែ។

កិច្ចប្រជុំដែលបានធ្វើនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ​​មានការចូលរួមពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យ, ​ឧត្តមសេនីយ៍ឯក ជួង ស៊ាងហាក់ ប្រធាននាយកដ្ឋាន កិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល, តំណាងស្ថានទូតអូស្ដា្រលី, ប្រធានគម្រោង CPI និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «តាមគំនិតខ្ញុំ មានសំណូមពរឲ្យលោកស្រី (តំណាងស្ថានទូតអូស្រ្ដាលី) បន្ដជំរុញបន្ដគម្រោងនេះតទៅទៀត សុំការគាំទ្រពីស្ថានទូត សុំការគាំទ្រពីរដ្ឋាភិបាលអូស្ដ្រាលី សុំការគាំទ្រពីអគ្គស្នងការនគរបាលអូស្ដ្រាលី ព្រោះខ្ញុំវាយតម្លៃខ្ពស់ណាស់គម្រោងនេះ ដែលរួមចំណែកបង្កើនសមត្ថភាពរបស់នគរបាលកម្ពុជា»។

នាយឧត្តមសេនីយ៍អគ្គស្នងការ បានគូសបញ្ជាក់ថា រយៈពេល៨ខែដែលគម្រោង CPI ​ដំណើរការបានរួមចំណែកការកសាង និងការរីកចម្រើនរបស់កម្ពុជា ក្នុងនោះ ទី១៖ ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព, ទី២៖ បានរួមចំណែកកែសម្រូលកិច្ចការធ្វើការរបស់នគរបាលប៉ុស្ដិ៍រដ្ឋបាល និងទី៣៖ ការរីកចម្រើនឥរិយាបថរបស់នគរបាលប៉ុស្ដិ៍រដ្ឋបាល។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានឯកភាពឲ្យសិក្សាស្វែងយល់បន្ថែម អំពីរបៀបអនុវត្តការងារនគរបាល និងសហគមន៍ នៅប្រទេសអូស្ដ្រាលី តាមរយៈដំណើរទស្សនៈកិច្ចសិក្សានាពេលខាងមុខ និងពិនិត្យលទ្ធភាពក្នុងការរៀបចំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយចែករំលែកនូបទពិសោធន៍ល្អៗនោះ ដល់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ។

សូមជម្រាបថា ការងារនគរបាល និងសហគមន៍ បាននិងកំពុងអនុវត្តព្រមៗគ្នាក្នុងទូទាំងប្រទេសនៅពេលនេះ ទោះបីនៅឃុំសង្កាត់ខ្លះការអនុវត្ត នូវមានភាពមិនទាន់ច្បាស់លាស់ក្ដី តែការងារនេះគឺស្របទៅនឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាផិបាល និងជារបត់ការងារថ្មី ដែលធ្វើឲ្យប៉ុស្ដិ៍នគរបាលរដ្ឋបាល ធ្វើការងារក្នុងភាពជាដៃគូរជាមួយប្រជាពលរដ្ឋ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងជាមួយផ្នែកពាក់ព័ន្ធក្នុងសហគមន៍៕