(ភ្នំពេញ)៖ នាវាទេសចរណ៍ខ្នាតធំមួយគ្រឿង ឈ្មោះ Nautica ដែលជានាវាទី១០ ផ្ទុកមនុស្សជិត៦០០នាក់ ធ្វើដំណើរមកពីកំពង់ផែកោះសាម៉ុយ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវេលាម៉ោង១១៖០០នាទីព្រឹក នឹងចាកចេញទៅវិញនៅវេលាម៉ោង២២៖០០នាទីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះឆ្ពោះទៅកាន់កំពង់ផែ ហូជីមិញ ប្រទេសវៀតណាម។

នាវាទេសចរណ៍ដ៏ប្រណិតនេះបានផ្ទុកអ្នកដំណើរចំនួន៥៩២នាក់ (ស្រី២៩៦នាក់) និងនាវិកចំនួន៣៩៤នាក់ (ស្រី៨៣នាក់)។

ការចូលមកលេងកំសាន្តពីបណ្តាអ្នកទេសចរណ៍ក្រៅប្រទេស មកកាន់ឆ្នេរសមុទ្រកម្ពុជាជាបន្តបន្ទាប់ ត្រូវបានគេឃើញថា កម្ពុជាជាប្រទេសពោរពេញដោយសុខសន្តិភាព និងសុវត្ថិភាពពេញទី ហើយកម្ពុជាក្លាយជាតំបន់ទេសចរណ៍ដ៏ចូលចិត្តពីសំណាក់ជនបរទេសផងដែរ។

ក្រសួងទេសចរណ៍បានឲ្យដឹងថា នៅក្នុងឱកាសចូលឆ្នាំចិនកន្លងទៅថ្មីៗ មានភ្ញៀវទេសចរជិត១លាននាក់ដើរលេងកំសាន្តនៅទូទាំងប្រទេស ដោយក្នុងនោះភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១០៥,៣៧០នាក់ កើនឡើង៩៣.៥៩%៕