(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ​ ឆ្នាំ២០១៨ថា នៅពេលនេះសមត្ថកិច្ច បានរកឃើញភស្តុតាងថ្មីបន្ថែមទៀតក្រៅពីរូបភាព និងវីដេអូរបស់លោក អ៊ួន ឈិន អតីតបុគ្គលិកអាស៊ីសេរី ដែលបានចូលរួមថតវីដេអូសិចជាមួយបរទេសនៅក្នុងប្រទេសកម្ពុជា។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា រូបភាព និងវីដេអូសិចរបស់លោក អ៊ួន ឈិន ដែលជួនកាលលោកដើរតួជាអ្នកថត និងពេលខ្លះទៀត លោកដើរជាតួប្រុសក្នុងការសម្តែងនោះ ត្រូវបានសមត្ថកិច្ចរកឃើញនៅក្នុងកុំព្យូទ័ររបស់លោក អួន ឈិន តែម្តងដែលអាចកំណត់ជាបទល្មើសថ្មីមួយផ្សេងទៀត ដែលសហការជាមួយបរទេសធ្វើឱ្យប៉ះពាល់ដល់សីលធម៌ខ្មែរ។ នេះគ្រាន់តែភស្តុតាងបទល្មើសថ្មីក្នុងចំណោមបទជាច្រើនផ្សេងទៀត។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា អ្វីដែលជាការប្រព្រឹត្តរបស់អ្នកទាំងពីរនេះគឺប្រាកដណាស់ជាប់នៅក្នុងបទល្មើស ខុសពីការលើកឡើងរបស់ស្ថាប័នព័ត៌មានមួយចំនួន ក៏ដូចជាបណ្តាអង្គការ ដែលបានចោទប្រកាន់ទាំងព្រហើនមកដល់កម្លាំងសមត្ថកិច្ច និងរាជរដ្ឋាភិបាលថាប្រឌិតរឿងនេះ ដើម្បីគាបសង្កាត់ និងបំបិទសិទ្ធិសេរីភាពសារព័ត៌មាន។ នាយឧត្តមសេនីយ៍ ប្រកាសសូមទាត់ចោលទាំងស្រុងចំពោះក្រុមព័ត៌មានមួយចំនួន ដែលមាននិន្នាការគាំទ្របក្សប្រឆាំង ព្យាយាមការពារជនដែល បានប្រព្រឹត្តបទល្មើសខុសច្បាប់របស់កម្ពុជា ដែលជាអតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីររូបនេះ។ លោកបានបញ្ជាក់បន្ថែមថា សមត្ថកិច្ចនៅមានភស្តុតាងយ៉ាងច្រើនអនេកទៀត។

ការប្រតិកម្មធ្ងន់ៗរបស់ក្រសួងមហាផ្ទៃនៅពេលនេះ ធ្វើឡើងបន្ទាប់ពី​វិទ្យុអាស៊ីសេរីកាលពីថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បានចេញផ្សាយថា អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ពីរ​រូប ត្រូវ​បាន​តុលាការ​ឃុំខ្លួន​រយៈពេល​បី​ខែ​ហើយ។ លោក អ៊ួន ឈិន អតីត​ផលិតករ​វីដេអូ និង​លោក យាង សុធារិន្ទ ហៅ​យាង សុជាមេត្តា អតីត​និពន្ធ​នាយក​អាស៊ីសេរី ត្រូវ​បាន​ព្រះរាជអាជ្ញា​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋានពី​បទ​បទ​ផលិត​ព័ត៌មាន​ដែល​អាច​ប៉ះពាល់​សន្តិសុខ​ជាតិ បញ្ជូន​មក​សហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា អតីត​បុគ្គលិក​អាស៊ីសេរី​២រូប​គឺ​លោក​ អ៊ួន ឈិន​ និង​លោក​ យាង សុជាមេត្តា​ ត្រូវ​បាន​អាជ្ញាធរ​​ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់មួយឈ្មោះ ម៉ារ៉ាឌី ស្ថិតក្នុងរាជធានីភ្នំពេញ។

តំណាងអយ្យការអមសាលាដំបូងរាធានីភ្នំពេញ បានធ្វើការចោទប្រកាន់ លោក​ អ៊ួន ឈិន​ និង​ លោក​ យាង សុជាមេត្តា ពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិដែលបង្កឱ្យមាន ការអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ​ ដែលបទល្មើសនេះ អាចប្រឈមនឹងការកំណត់ទោសពី៧ឆ្នាំ ទៅ១៥ឆ្នាំ បច្ចុប្បន្នអ្នកទាំងពីរត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស។ រូបភាពខាងក្រោមដែលអង្គភាព Fresh News ទទួលបានពីសមត្ថកិច្ច៖