(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងថា អគ្គិភ័យដែលបានឆេះផ្សារ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ជាលទ្ធផលនៃការសន្និដ្ឋានជំហ៊ានដំបូង បណ្តាលឲ្យខូចខាងអស់ជំនួន២២០ខ្នង ផ្ទះ និងតូប ព្រមទាំងបណ្តាល ឲ្យមនុស្សចាស់ និងក្មេងម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងអណ្តាតភ្លើង។

រហូតមកវេលាម៉ោង៨៖០០នាទីព្រឹកនេះ អគ្គិភ័យមិនទាន់បានរលត់ទាំងស្រុងទេខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តជួយអន្តរាគមនបាញ់ពន្លត់ ឲ្យរលត់ទាំងស្រុងម្តងដើម្បីស្វែងរកសាកសពជនរងគ្រោះទាំងពីរផងដែរ។

ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងថា រហូតមកដល់ព្រឹកព្រលឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អគ្គិភ័យបាននិងកំពុងបន្តឆេះផ្សារក្រុងសែនមនោរម្យ នៅមិនទាន់រលត់នៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ចបាននិងកំពុងបន្តជួយអន្តរាគមន៍ នៅឡើយ។

នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏បានសុំជំនួយរថយន្តពន្លត់អគ្គិភ័យពីស្នងការនគរបាលខេត្តក្រចេះផងដែរ ដើម្បីទៅជួយបាត់ពន្លត់។

សូមបញ្ជាក់ថា ករណីនេះបានកើតឡើងនៅវេលាម៉ោងជាង២យប់រំលងអាធ្រាត្រចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ​ហើយធ្វើឲ្យអភិបាលខេត្តមណ្ឌលគិរី​រត់បាតជើងសព្រាត​ ជាមួយសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ផងដែរ​។

ការឆាបឆេះទាំងយប់បែបនេះ បងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរមិនទាន់ដឹងអំពីមូលហេតុនៃការឆាបឆេះនៅឡើយនោះទេ និងក៏មិនអាចយករបស់របរទាន់នោះដែរ។