(ភ្នំពេញ)៖ ក្មួយបង្កើត លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច​ ​អតីតយុទ្ធជន និង​យុវនីតិសម្បទា ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់ខ្លួនពាក់ព័ន្ធករណីនាំពលករទៅធ្វើការខុសច្បាប់ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់។

មន្ដ្រីនគរបាលប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ីស្មាអែល ពិនឧស្ម័ន អាយុ​៤៤ឆ្នាំ ជនជាតិ​ខ្មែរ-ឥស្លាម មុខរបរធ្វើស្លាកលេខរថយន្ត ទីកន្លែងកំណើត ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ៣៦H ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​។

មន្ដ្រីនគរបាលបញ្ជាក់ថា ​កាលពីអំឡុងឆ្នាំ២០០៤ ជនសង្ស័យខាងលើ​បានឃោសនាក្នុងភូមិថា ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ត្រូវជាពូរបស់ខ្លួន ត្រូវការជ្រើសរើសពលការិនីបញ្ជូន ទៅធ្វើការជាជំនួយការមេផ្ទះ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ប្រាក់ឈ្នួល​២២០ដុល្លារអាមេរិច កិច្ចសន្យាការងាររយៈពេល២ឆ្នាំ ចំពោះឯកសារ​បែបបទ លិខិតឆ្លងដែន និងសោហ៊ុយធ្វើដំណើរ ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ជាអ្នកចំណាយ​។​

បន្ទាប់មកបានអូសទាញពលរដ្ឋក្នុងភូមិ​២នាក់ ក្រោយមកបានចំនួន​២០នាក់ទៀត ហើយនាំទៅប្រគល់ឲ្យលោក អះម៉ាត់ យ៉ះយ៉ា ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ ពេលនោះជនរងគ្រោះត្រូវបានលោក អះម៉ាត់ យ៉ះយ៉ា ក្លែងអត្តសញ្ញាណដោយប្រើឯកសារ ហើយបានបញ្ជូនទៅធ្វើជាស្រ្តីបម្រើតាមផ្ទះ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ។

នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ជនរងគ្រោះត្រូវបានថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម បិទសិទ្ធសេរីភាព ហើយ​ត្រូវបានគេលក់ទៅថៅកែជាម្ចាស់ទី១ ទៅថៅកែទី២ ក្នុងតម្លៃ​២០,០០០ដុល្លារ ឲ្យធ្វើការងារផ្ទះ ហើយរងការរំលោភផ្លូវភេទ និងមិនទទួលបានប្រាក់ឈ្នួលតាំងពីពេលបញ្ជូនទៅ រហូតដល់អំឡុងខែសីហា ឆ្នាំ២០១៧​។

មន្ដ្រីនគរបាលប្រឆាំងការជួញដូរមនុស្ស បន្ថែមថា ជនរងគ្រោះទាំងអស់ទើបតែសង្រ្គោះបានចំនួន​២នាក់ប៉ុណ្ណោះ ដោយមានការអន្តរាគមន៍ពី លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការក្រសួងការងារ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សង្រ្គោះមកកម្ពុជាវិញ​។ ​

បច្ចុប្បន្នជនសង្ស័យ​ឈ្មោះ អ៊ីស្មាអែល ពិនឧស្ម័ន និងវត្ថុតាង​កំពុងស្ថិតក្នុងចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ រីឯជនសង្ស័យឈ្មោះ អះម៉ាត់ យ៉ះយ៉ា និងបក្សពួកសមត្ថកិច្ចកំពុងស្នើសុំដីកាស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់​។

សូមជម្រាបថា ជនសង្ស័យ​ អ៊ីស្មាអែល ពិនឧស្ម័ន ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់ខ្លួនតាមពាក្យបណ្តឹង របស់ម្តាយជនរងគ្រោះ ហើយត្រូវនគរបាលចាប់ខ្លួនបានកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ខណៈជនសង្ស័យកំពុងធ្វើដំណើរនៅក្នុងភូមិសាស្រ្ត សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធាភ្នំពេញ និងដកហូតបានវត្ថុតាងមួយចំនួន​៕