កម្លាំងនគរបាលស្រុកសំបូរ ឃាត់ខ្លួនជនដៃដល់ ដែលវាយស្រ្តីម្នាក់នឹងកំណាត់ឫស្សី បណ្តាលឲ្យសន្លប់រងរបួសធ្ងន់ នៅមុខផ្ទះ
09-02-2018 16:20
(ក្រចេះ)៖ នគរបាលស្រុកសំបូរ បានឃាត់ខ្លួនជនសង្ស័យ ដែលជាជនដៃដល់ម្នាក់ ដែលប្រើអំពើហិង្សាដោយចេតនា ដោយយកកំណាត់ឫស្សីវាយ ទៅលើជនរងគ្រោះបណ្តាលឲ្យ ដួលសន្លប់ នៅមុខផ្ទះជនរងគ្រោះ ហើយរងរបួសធ្ងន់ភ្លាមៗនោះដែរ ត្រូវអ្នកភូមិជួយដឹកយកទៅសង្គ្រោះមន្ទីរពេទ្យ។ ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង៦ល្ងាច ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
លោក នួន សារិន អធិការរងនគរបាលស្រុកសំបូរ ទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សាំង ខ្វាន់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅចំណុចអូរកណ្តៀរភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ចំណែកស្ត្រី រងគ្រោះឈ្មោះ ងួន ប៉ិច រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
មន្ត្រីនគរបាលដដែល បានឲ្យដឹងទៀតថា ការឈានដល់ប្រើអំពើហឹង្សាដោយចេតនា ដោយយកកំណាត់ឫស្សីវាយជនរងគ្រោះ ឲ្យដួលសន្លប់នៅមុខផ្ទះ បែបនេះគឺមូលហេតុ មកពីក្មេង ទៅបេះស្វាយចន្ទី ហើយជនដៃដល់ បានស្ដីបន្ទោស ហើយជនរងគ្រោះជាម្ដាយក្មេងនោះ បានទៅជេរប្រមាថមកលើខ្លួន ក៏កើតឡើងរឿងបែបនេះតែម្តង។
បច្ចុប្បន្ននេះ កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរគ្រៀង ដើម្បីចាត់ការតាមនីតិវិធី៕