(ភ្នំពេញ)៖ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ គេសង្កេតឃើញក្រុមម៉ូតូធំដ៏រឹងមាំម៉ឹងម៉ាត់ របស់អាវុធហត្ថរាជធានីភ្នំពេញ ចេញប្រតិបត្តិការជាលើកទី១ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនដល់គណប្រតិភូចំនួន១៨ប្រទេស ដែលមកចូលរួមកិច្ចប្រជុំជាន់ខ្ពស់សហព័ន្ធ បាល់ទាត់អន្តរជាតិឆ្នាំ២០១៨ នៅកម្ពុជា នាសណ្ឋាគារសូហ្វីថែល ភូគីត្រា ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺថាក្រុមម៉ូតូធំរបស់អាវុធហត្ថរាជធានីភ្នំពេញមួយនេះ គឺគេមិនធ្លាប់បានឃើញមានទេពីមុនមក គ្រាន់តែលេចលឺព័ត៌មានថា ដោយសារសកម្មភាព ល្មើសច្បាប់ផ្សេងៗ ជាពិសេសបទល្មើសឆក់កើតមានជាញឹកញាប់ ហើយជនសង្ស័យច្រើនគេចលឿន ជាងសមត្ថិកិច្ចមួយជំហាន បានធ្វើឲ្យអាវុធហត្ថរាជធានីភ្នំពេញ សម្រេចចិត្តស្វែងរក មធ្យោបាយដែលមានប្រសិទ្ធិភាពខ្ពស់ ក្នុងតាមប្រម៉ាញ់បង្ក្រាបក្រុមចោរឆក់ទាំងនោះ ដោយបញ្ជាទិញម៉ូតូធំ ម៉ាកហុងដា NC 750cc មកពីប្រទេសជប៉ុន ផ្ទាល់ចំនួន៥០គ្រឿង ទុកសម្រាប់ប្រតិបត្តិការការពារសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រតិភូជាតិអន្តរជាតិផង និងជាពិសេសទុកសម្រាប់ តាមប្រម៉ាញ់ក្រុមជនល្មើសឆក់ប្លន់ផង។