(ភ្នំពេញ)៖ មន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចនាយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ស្រ្តីឈ្មោះ សំ សុខា ជាសកម្មជនអតីតបក្សសង្គ្រោះជាតិ ដែលយកស្បែកជើងគប់រូបសម្ដេចតេជោ ហ៊ុន សែន ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ចាប់ខ្លួនបាននៅរសៀលថ្ងៃនេះ។

ការចាប់ខ្លួនស្ដ្រីរូបនេះត្រូវបានធ្វើឡើង ក្រោយ​លោក ស៊ឹង វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គ្រាបឲ្យចាប់ខ្លួន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។ ដីកាដដែលបញ្ជាក់ថា ស្ដ្រីឈ្មោះ សំ សុខា អាយុ៣៨ឆ្នាំ ត្រូវបានដាក់ស្ថិតក្រោមការពិនិត្យពីបទ «ប្រមាថ និងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តទៅនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៤៥ ចន្លោះគីឡូម៉ែត្រលេខ ៤-៥ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ស្រ្តី សំ សុខា បានចេញវីដេអូឃ្លីបដោយជេរប្រមាថធ្ងន់ៗ ទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជន ថែមទៀតរួមមាន សម្តេចតេជោ ហ៊ុន សែន សម្តេចពញាចក្រ ហេង​ សំរិន និងសម្តេចក្រឡាហោម ស ខេង ជាដើម។ ក្រោយធ្វើសកម្មភាពបែបនេះ ស្ដ្រីរូបនេះក៏បានរត់គេចខ្លួនចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ ហើយក៏ត្រូវបានតុលាការចេញដីកាបបង្គាប់ឲ្យចាប់ខ្លួន ទើបកម្លាំងនគរបាលតាមប្រមាញ់បាននៅថ្ងៃនេះតែម្ដង៕