(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅពេលនេះក្រសួងសុខាភិបាល បានសម្រេចបង្កើតគណៈកម្មការមួយដឹកនាំដោយ លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយសហការជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង អង្គការសុខភាពពិភពលោក ដើម្បីចុះស្រាវជ្រាវអំពីមូលហេតុច្បាស់លាស់ ដែលនាំឱ្យកម្មករ កម្មការិនីខ្មែរ ដួលសន្លប់ញឹកញាប់ នៅតាមរោងចក្រ។

ការបង្កើតក្រុមការងារនេះ បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីតំបន់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ឱ្យស្ថាប័នជំនាញ សហការគ្នាស្រាវជ្រាវរកមូលហេតុឱ្យច្បាស់លាស់ ដែលនាំឱ្យកម្មករ កម្មការិនីខ្មែរ ដួលសន្លប់ញឹកញាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «គួរសិក្សាមើល ដើម្បីស្រាវជ្រាវបញ្ហានេះ ហើយបើសិនជាយើងខ្វះស​មត្ថភាព យើងអាចទាក់ទង អ្នកឯកទេសខាងសុខាភិបាល ខាងវិស័យការងារ ឱ្យគេជួយមើល ជាពិសេសអង្គការសុខភាពពិភពលោកតែម្តង ដើម្បីពិនិត្យមើលបាតុភូតដួលសន្លប់នេះ មកពីបញ្ហាអ្វីពិតប្រាកដ ដើម្បីយើងស្រាវជ្រាវបញ្ហាហ្នឹង ហើយយើងបញ្ជៀសបញ្ហាហ្នឹង»។

យោងតាមរបាយការណ៍របស់ ក្រុមការងារទប់ស្ដាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក) របស់ក្រសួងការងារ ប្រចាំឆ្នាំ២០១៧ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ កម្ពុជាមានកម្មករប្រមាណ ១៦០៣នាក់ បានដួលសន្លប់ ដែលក្នុងនោះភាគច្រើនបំផុត គឺជាស្ដ្រី។ របាយការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ មានករណីកម្មករសន្លប់ចំនួន២២រោងចក្រ ស្មើនឹងចំនួន ១,៦០៣នាក់ ក្នុងនោះ កម្មារិនី ចំនួន ១,៥៩៩នាក់»៕ដែលជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ឱ្យកាន់តែល្អប្រសើរ៕