(ភ្នំពេញ)៖ រដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសថា ចិនមិនគាំទ្រចំពោះជនជាតិខ្លួន ដែលចង់បង្កើត China Town នៅប្រទេសកម្ពុជានោះទេ ហើយរដ្ឋាភិបាលចិន នឹងប្រឆាំងចំពោះជនជាតិចិនណាមួយ ដែលចង់សាងសង់កាស៊ីណូ (Casino) នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងទាក់ទាញជនជាតិចិន មកលេងល្បែងស៊ីសង។

ថ្លែងក្នុងសន្និសីទកាសែតមួយ នៅស្ថានទូតចិនប្រចាំនៅកម្ពុជា នារសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក ស្យុង បូ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានមតិមួយចំនួនបានលើកឡើងថា នៅពេលមានប្រជាជនចិនជាច្រើនរស់នៅ ខេត្តព្រះសីហនុ នឹងធ្វើឱ្យខេត្តព្រះសីហនុ ក្លាយជាទីក្រុងស៊ិនចិនទី២ ឬក៏ China Town ទី២ នៅកំពង់សោម។ ភាគីចិនមិនទទួលយក ឬមិនគាំទ្រ មតិដូចអញ្ចឹងទេ»។ លោកបានបន្តថា «ខ្ញុំសូមប្រកាសជាផ្លូវការថា ភាគីចិន ស្ថានទូតចិន អត់គាំទ្រដល់ជនជាតិចិនណាមួយ ដែលមានគម្រោងចង់សាងសង់ China Town ណាមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា»

ការបកស្រាយរបស់អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងថា ខេត្តព្រះសីហនុ ទៅថ្ងៃខាងមុខ អាចនឹងក្លាយទៅជា ទីក្រុងចិន (ChinaTown) ដោយសារតែជនជាតិចិនបានទៅវិនិយោគ និងជួលផ្ទះ ដើម្បីរស់នៅតំបន់ឆ្នេរសមុទ្រនេះ កាន់តែច្រើនឡើង។ របាយការណ៍ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ផ្ញើជូនសម្តេចក្រឡាហោម ស ខេង កាលពីពេលថ្មីៗនេះ ក៏បានឲ្យដឹងថា ជនបរទេសដែលកំពុងមានវត្តមាននៅក្នុង​ខេត្តព្រះសីហនុ មានចំនួនសរុប ៦,៣៨៥នាក់ ស្មើនិង ៦១សញ្ជាតិ។ ក្នុងនោះជនជាតិចិន មានចំនួនច្រើនជាងគេរហូតដល់ ៤,៤៩៨នាក់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏មានមតិមួយចំនួនទៀត បានលើកឡើងថា ខេត្តព្រះសីហនុកម្ពុជា មានតួនាទីដ៏សំខាន់ដូចទៅនឹងខេត្តសិនចិន ប្រទេសចិនប៉ុណ្ណោះ។

លោកអគ្គរដ្ឋទូតចិន បានលើកឡើងថា៖ «នេះគ្រាន់តែប្រៀបធៀប គឺយកខេត្តព្រះសីហនុ ប្រៀបធៀបទៅនឹងខេត្តសិនចិន ប្រទេសចិន គឺចង់បង្ហាញឱ្យឃើញថា តួនាទីកំពង់សោម ក៏ដូចជាតួនាទីរបស់ទីក្រុងសិនចិនអញ្ចឹង គឺក្លាយទៅជាកំពង់ផែអន្តរជាតិ នាំមកនូវការទាក់ទាញវិនិយោគិន កាន់តែច្រើនពីខាងក្រៅ មកបណ្តាក់ទុនវិនិយោគ នៅកម្ពុជា»

ទន្ទឹមគ្នានឹងការលើកឡើងប្រឆាំងចំពោះជនជាតិចិន ដែលចង់បង្កើត China Town លោកអគ្គរដ្ឋទូត ក៏ប្រកាសប្រឆាំងដាច់ខាតផងដែរ ចំពោះជនជាតិចិន ណាមួយដែលចង់បង្កើតកាស៊ីណូ នៅក្នុងប្រទេសកម្ពុជា សំដៅពិសេសប្រមូលប្រជាជនចិន ជាក្រុមៗ​មកដល់កម្ពុជា ដើម្បីលេងល្បែងស៊ីសង។ លោកចាត់ទុកថា ការអូសទាញជនជាតិចិនមកលេងល្បែងបែបនេះ ធ្វើឱ្យខាតប្រយោជន៍របស់ជនជាតិចិន ហើយអំពាវនាវឱ្យប្រជាជនចិន ត្រូវចៀសឱ្យឆ្ងាយពីការលេងល្បែងស៊ីសង។

លោកបានថ្លែងថា «ប្រទេសចិន ប្រឆាំងដាច់ខាតនូវប្រជាជនចិនណាមួយ ដែលសាងសង់កាស៊ីណូ ដែលសំដៅពិសេសប្រមូលប្រជាជនចិន ជាក្រុម​មកដល់កម្ពុជា លេងល្បែងស៊ីសង។ ពិសេសប្រឆាំងដាច់ខាតចំពោះជនជាតិចិនណាមួយ ដែលសាងសង់ កាស៊ីណូដែលអត់បានទទួលការអនុញ្ញតពី រាជរដ្ឋាភិបាលកម្ពុជា។ ព្រមជាមួយគ្នានេះ ស្ថានទូតចិន អំពាវនាវឱ្យជនជាតិចិន ដែលមកដល់កម្ពុជា ត្រូវតែចៀសឆ្ងាយពីល្បែងស៊ីសង»។ អគ្គរដ្ឋទូតចិនបានបន្ថែមទៀតថា «ចំពោះជនណាមួយ ដែលជួលផ្ទះ ឬគ្រឹះស្ថាននៅកម្ពុជា ប្រើប្រាស់បរិក្ខា សម្ភារៈចាប់ជំរិតទារលុយពីប្រជាជនចិន នៅកម្ពុជាគឺជាបទល្មើស គឺចិននឹងបង្រ្កាបជាដាច់ខាត»

សូមបញ្ជាក់ថា ភ្ញៀវទេសចរចិន បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលបានមកដល់ប្រទេសកម្ពុជា នៅពេលបច្ចុប្បន្ននេះ។ របាយការណ៍ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៧ កម្ពុជាទទួលបាន ភ្ញៀវទេសចរអន្តរជាតិ សរុប ៥,៦០២,១៥៧នាក់ ដែលកើនឡើង ១១.៨% ក្នុងនោះទេសចរចិន មានចំនួនច្រើនជាងគេ ពោលឈរលើលំដាប់ថ្នាក់លេខ១ ដែលមានរហូតដល់ ១,២១០,៧៨២នាក់ កើនឡើង ៤៥.៩ភាគរយ បើធៀបនឹងឆ្នាំ២០១៦៕