(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញពីស្ថានភាពសីតុណ្ហភាពអប្បបរមា នៅរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយខេត្តមួយចំនួនអាកាសធាតុចុះត្រជាក់ដល់១០អង្សាសេ។

សូមជម្រាបថា អាកាសធាតុនៅកម្ពុជា ចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។

* នៅតំបន់ប្រាសាទព្រះវិហារ មានសីតុណ្ហភាពអប្បបរមា នឹងចុះត្រជាក់នៅក្នុងសីតុណ្ហភាព១០អង្សាសេ។

* នៅតំបន់ខ្ពង់រាបរួមមាន៖ ខេត្តឧត្ដរមានជ័យ, ខេត្តេះព្រះវិហារ, ខេត្តស្ទឹងត្រែង, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី និងខេត្តប៉ៃលិន​ មានសីតុណ្ហភាពអប្បបរមា នឹងចុះត្រជាក់នៅក្នុងរង្វង់១២-១៦ អង្សាសេ។

* នៅខេត្តពោធិ៍សាត់​, ខេត្តសៀមរាប, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, និងខេត្តកោះកុង សីតុណ្ហភាពអប្បរមា នឹងនៅក្នុងរង្វង់១៧-១៩ អង្សាសេ។ ដោយឡែក នៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តកណ្តាល, ខេត្តព្រៃវែង, និងខេត្តស្វាយរៀង សីតុណ្ហភាពអប្បរមា នឹងថយចុះមកនៅក្នុងរង្វង់១៨-១៩ អង្សាសេ។

ក្រសួងធនធានទឹក ក៏សូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ គ្រប់ស្ថានប័ន ជាពិសេសបងប្អូនកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន (ប្រាសាទព្រះវិហារ) សូមរក្សាសុខភាពរបស់ខ្លួនផងដែរ៕