(ភ្នំពេញ​)៖ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកសន្និបាតត្រួតពិនិត្យការងារបង្ក្រាបគ្រឿងញៀន ឆ្នាំ២០១៧ និងលើកទិសដៅការងារបន្ត ឆ្នាំ២០១៨​ ដែលពិធីបើកសន្និបាតនឹងធ្វើឡើងក្រោមអធិបតីភាព នាយឧត្តម​សេនីយ៍​ កែ​ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ចំណែកពិធីបិទសន្និបាត ត្រូវធ្វើឡើងនៅរសៀលថ្ងៃដដែលនេះ ក្រោមអធិបតីភាព សម្តេចក្រឡាហោម​ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សន្និបាតការងារខាងលើ នឹងមានការចូលពីសំណាក់ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គស្នងការនគរបាលជាតិ​ អគ្គលេខាធិការ អគ្គនាយក​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អភិបាល​-អភិបាលរងរាជធានី-ខេត្ត​ អភិបាលក្រុង​-ស្រុក​ជាប់ព្រំដែន​ និងព្រះរាជអាជ្ញា​ ដែលជាអនុប្រធាន​ សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត​ និងគណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​ តំណាងស្ថានទូត​ អង្គការជាតិ-អន្តរជាតិ​ សរុបជាង៥០០នាក់។

អមជាមួយសន្និបាតត្រួតពិនិត្យគ្រឿងញៀននេះ ក៏នឹងមានកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី២ ឆ្នាំ២០១៧ ផងដែរ។

សូមជម្រាបថា នៅឆ្នាំ២០១៧ កម្លាំងមន្ត្រីអនុវត្តន៍ច្បាប់ ប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៨១៥២ករណី ឃាត់មនុស្ស១៧,៨៧៧នាក់ (ស្រី១,៥៨២នាក់) ដកហូតសារធាតុញៀនគ្រប់ប្រភេទជាង១៧៣គីឡូក្រាម និង៨៨៦កញ្ចប់ និងកញ្ឆាក្រៀមជាង១១៣គីឡូក្រាម និង២៧៥,៨១៥ដើម៕