(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ បានបញ្ជាក់ថា បញ្ហាប្រឈម ដែលផ្ដើមចេញពីកាកសំណល់សំរាមនៅតែមាន ហើយអាចធ្វើឲ្យមានការកកស្ទះប្រព័ន្ធលូ​​បង្ហូររំដោះទឹកស្អុយ ចេញពីរាជធានីភ្នំពេញ​ផងដែរ ប្រសិនប្រជាពលរដ្ឋ​នូវពុំទាន់យល់ដឹង អំពីការវេចខ្ចប់ទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ជាពិសេសធ្វើឲ្យប៉ះពាល់ផ្នែកបរិស្ថាន លើសុខភាព​យ៉ាងធ្ងន់ធ្ងរ។

ជាស្ដែងនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ​ដើម្បីបញ្ជៀសបានចំពោះផលប៉ះពាល់ទាំងនេះ ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងចាប់ផ្ដើមស្ដារប្រមូល រាល់កាកសំណល់សំរាមចេញពីក្នុងប្រឡាយ ក្នុងការលើកកម្ពស់សោភ័ណ្ឌភាព និងការអនុវត្តតាមកិច្ចប្រជុំលើកឡើងកន្លង មកពីបញ្ហាប្រឈម ដែលត្រូវដោះស្រាយ ក្រោមការណែនាំពីលោក ជា ពិសី អភិបាលខណ្ឌ និងអនុវត្តឲ្យមានប្រសិទ្ធភាព ទៅតាមផែនការរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

អភិបាលរងខណ្ឌរូបនេះបន្ថែមថា លោកអភិបាលខណ្ឌបានលើកឡើងថា ចំពោះផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ដែលកើតមាននៅតាមមូលដ្ឋាននីមួយៗដូចជា បញ្ហាផ្លូវ បញ្ហាកកស្ទះប្រព័ន្ធលូ ជាដើម ក្នុងនាមអាជ្ញាធរ ត្រូវតែធ្វើការដោះស្រាយ និងឆ្លើយតបភ្លាមៗឲ្យទាន់សភាពការណ៍ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ជូនប្រជាពលរដ្ឋ ដោយមិនគិតពីពេលវេលា ដូចអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញថា «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព»

ការលើកឡើងរបស់លោក ជា ពិសី អភិបាលខណ្ឌ យ៉ាងដូច្នេះ​ត្រូវបានធ្វើឡើង ក្នុងពេលប្រាប់ឲ្យលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានណែនាំឲ្យប្រធានសណ្ដាប់ធ្នាប់ខណ្ឌ នាំយកគ្រឿងចក្រទៅជីកគាស់កាយស្ដារប្រមូល យករាល់កាកសំណល់សំរាមចេញឲ្យអស់ ពីក្នុងព្រែកប្រឡាយអូរបាក់ទូក ដើម្បីបង្ការ ទប់ស្កាត់​ទាំងការកកស្ទះប្រព័ន្ធលូបង្ហូរទឹក និងធ្វើឲ្យប៉ះពាល់លើសុខភាព នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងក្រុម៤ ភូមិបាក់ទូក និងក្រុម២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

លោក ប្រាជ្ញ សីហា បានថ្លែងថា ដើម្បីបង្ការទប់ស្កាត់ទាំងការកកស្ទះប្រព័ន្ធលូ ដោយសារសំរាម ពិសេសសំរាមធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើសុខភាពរបស់ប្រជាពលរដ្ឋ ទើបទាមទារឲ្យមានការយល់ដឹងច្រើន អំពីការវេចខ្ចប់ទុកដាក់សំរាមឲ្យបានល្អ តែបើក្នុងករណីមិនមានកិច្ចសហការល្អ ពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធទេនោះ មិនអាចទទួលបានជោគជ័យឡើយ «ពោលដើម្បីទីក្រុងស្អាត បរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ មានផាសុខភាព គឺផ្ដើមចេញពីយើងទាំងអស់គ្នា»