(ភ្នំពេញ)៖ នាព្រលប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បុរសម្នាក់មានមុខងារជាទ័ពអាកាសត្រូវ បានរថយន្តធុនធំក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-1364 កិនស្លាប់នៅនឹងកន្លែងភ្លាមៗ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូទាក់ទៅនិងដៃចង្កូតមួយគ្រឿងទៀត នៅតាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមសេចក្តីរាយការណ៍ពីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ០១៥ ពាក់ស្លាកលេខ 1DD-4552ដែលគេស្គាល់ថា ជាមន្រីនៅកងទ័ពអាកាសឈ្មោះ ជុំ ជាប អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិតាងូវ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បានធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ លុះមកដល់ចំណុចកើតហេតុ បានទាក់ដៃចង្កូតជាមួយម៉ូតូមួយទៀត បណ្តាលឲ្យជនរងគ្រោះដួលទៅនឹងថ្នល់ ហើយក៏ត្រូវបានរថយន្តក្រឡុកស៊ីម៉ង់ត៍ កិនស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ចំណែកអ្នកបើកបររថយន្តបង្កខាងលើ បានគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានមកដល់ចំណុចកើតហេតុ ធ្វើការវ៉ាស់វែង និងធ្វើកំណត់ហេតុ ដើម្បីប្រគល់សពជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕