(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអះអាងថា នៅក្នុងឆ្នាំនេះ កម្ពុជាសល់ស្រូវពីការទុកបម្រុងហូបចុករួចហើយ មិនតិចជាង៥.៥លានតោននោះឡើយ។

ការអះអាងបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ធ្វើឡើងនាឱកាសដែលសម្ដេចអញ្ជើញចែកសញ្ញាបត្រ​ និងសម្ពោធអគារទេព្យកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

សម្ដេចតេជោ ហ៊ុន សែន មានថ្លែងថា «ឆ្នាំនេះ តាមការប៉ានស្មានជាបឋម អតិរេតស្រូវដែលរបស់យើងអាចសល់ ពីការហូបចុកហើយ មិនតិចជាង ៥លាន៥សែនតោននោះឡើយ»

ជាថ្មីម្តងទៀត សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នវិស័យកសិកម្ម បានចូលរួមចំណែក២៥ភាគរយប៉ុណ្ណោះ ក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា បើទោះបីជាធ្លាប់ពី៨០ភាគរយ មកនៅត្រឹម២៥ភាគរយនេះក្តី មិនមែនមានន័យកម្ពុជា ខ្វះស្បៀងអាហារសម្រាប់ប្រជាជននោះឡើយ។ ផ្ទុយទៅវិញ គឺកម្ពុជាផលិតស្រូវលើស តម្រូវការហូបចុករហូតដល់ជាង៥លានតោន។

បើតាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ការងារប្រមូលផលស្រូវរដូវវស្សា ឆ្នាំ២០១៧ បានជាង២.៦លានហិកតា ស្មើនឹង៩៩.៩៨ភាគរយ។ ខណៈល្បឿននៃការបង្កបង្កើនផលស្រូវប្រាំង ឆ្នាំ២០១៧-២០១៨ អនុវត្តបានជាង៥០ម៉ឺនហិកតា ស្មើនឹង១១២ភាគរយ។ ចំណែកការប្រមូលផលស្រូវប្រាំងវិញ សម្រេចបានជាង៦ម៉ឺនហិកតា ស្មើនឹង១២ភាគរយ។

ឆ្នាំ២០១៧កន្លងទៅ កម្ពុជានាំចេញអង្ករបានជាង៦០ម៉ឺនតោន៕