(កំពង់ចាម)៖ កម្លាំងជំនាញការិយាល័យ​ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន ​ចំណុច​ភូមិបែកអន្លូង ឃុំអារក្សត្នោត ​​ស្រុកស្ទឹងត្រង់។

ស្ន​ងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះលោកបានបញ្ជាឲ្យ លោកវរសេនីយ៍ត្រី ជីវ សេងរស់ ដឹកនាំតែម្ដង ដោយ​ប្រើវិធានញុះញង់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទី១៖ឈ្មោះ ​​អន គីមហាក់ ​អាយុ១៨ឆ្នាំ​, ទី២៖ ឈ្មោះ​ អាង ថាវី ​​អាយុ៣៣ឆ្នាំ និងទី៣៖ ឈ្មោះ​​ វ៉ា វណ្ណដា ​អាយុ១៨ឆ្នាំ និងដកហូតបាន ម្សៅក្រាមពណ៌ស​០៣​កញ្ចប់ ទូរស័ព្ទដៃ០២គ្រឿង ​និងដាវ០១ដើម។ ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនទូរស័ព្ទមកទិញថ្នាំញៀន ហើយកម្លាំងជំនាញក៏ឃាត់ខ្លួនតែម្ដងឈ្មោះ យ៉េប យូសុះ​​អាយុ២៣ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕