(ស្វាយរៀង)៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ លោក សៅ សុវណ្ណី ប្រធានក្រុមការងារចុះជួយឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង បានចុះពិនិត្យអគារសិក្សានៅអនុវិទ្យាល័យថ្នាធ្នង់មួយខ្នង មាន៥បន្ទប់ ដែលកំពុងកសាងបានប្រមាណ៥០ភាគរយ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅក្នុងឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

លោក សៅ សុវណ្ណី បានពាំនាំមកនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅ ក្នុងអនុវិទ្យាល័យទាំងមូលផងដែរ។

លោក សៅ សុវណ្ណី បានបន្តថា រយៈពេល៣៩ឆ្នាំនេះប្រទេសកម្ពុជាយើង ទទួលបានសមទ្ធិផលធំៗជាច្រើនក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តោតសំខាន់ទៅលើវិស័យ៤ ជាអាទិភាពរួមមាន៖ ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស។

លោក សៅ សុវណ្ណី បានបញ្ជាក់ថា សម័យតេជោ សាលារៀនមិនថាជនបទ ឬទីក្រុងនោះទេ គឺសាលារៀនតែងតែនៅជិតលំនៅដ្ឋានរបស់សិស្សា​នុសិស្សដូចជា៖ ឃុំធ្នង់ នេះថ្វីត្បិតនៅដាច់ស្រយាល ពីទីរួមខេត្ត ក៏ពិតមែនតែសាលារៀនមិននៅឆ្ងាយពីប្អូនៗ សិស្សនុសិស្សនោះទេ។ លោកបានបន្តថា សាលារៀនមួយខ្នងនេះ ពិតជាមាន សារសំខាន់ណាស់ ដែលជាទីកន្លែងផ្តល់នូវចំណេះដឹង ដល់កូនចៅអ្នករស់នៅតំបន់ព្រំដែន ដាច់ស្រយាល ដើម្បីក្រេបយកចំណេះវិជ្ជា ជាទំពាំងស្នងឫស្សី នៃប្រទេសជាតិ។

លោកក៏បានជំរុញឲ្យសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ហើយកុំតូចចិត្តថា យើងរស់នៅតំបន់ដាច់ស្រយាលឆ្ងាយពីទីក្រុង ព្រោះថ្នាក់ដឹកនាំ ប្រទេសជាតិ យើងក៏កើតចេញពីកូនកសិករជនបទដែរ ដូច្នេះត្រូវគិតថាខំរៀនដើម្បីអនាគតភ្លឺស្វាង៕