(ភ្នំពេញ)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងឲ្យដឹងថា គិតដំណាច់ឆ្នាំ២០១៧ នៅកម្ពុជាមានចំនួនអ្នកជាវសេវាទូរស័ព្ទចល័តកើនឡើងដល់ ចំនួនប្រមាណ១៩លាននាក់ ដែលគ្រប់ដណ្តប់នៅទីប្រជុំជនចំនួន១០០%។

លោកបញ្ជាក់ទៀតថា អត្រានៃការជាវសេវាទូរស័ព្ទចល័ត មានចំនួនប្រមាណ១២៥ភាគរយ នៃចំនួនប្រជាជនកម្ពុជាសរុប ដែលមានប្រមាណ១៥លាននាក់។

ការថ្លែងយ៉ាងដូច្នេះរបស់លោក ត្រាំ អ៊ីវតឹក ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជា អធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យស្តីពីហត្ថលេខាឌីជីថល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ។

លោករដ្ឋមន្ត្រីបានថ្លែងទៀតថា ចំនួននៃការជាវសេវា Internet កើនឡើងដល់៨.៥លាននាក់ ត្រឹមចុងឆ្នាំ២០១៧ ស្មើនឹងអត្រាប្រើប្រាស់ប្រមាណ៦០ភាគរយ។

លោក ត្រាំ អ៊ីវតឹក បានលើកឡើងទៀតថា បច្ចេកវិទ្យាជំនាន់ទី៤ 4G/LTE ត្រូវបានដាក់ដំណើរការនៅរាជធានីខេត្តទាំង២៥ គ្របដណ្តប់ផ្ទៃដី ស្ទើរតែ៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ បច្ចេកវិទ្យាកម្រិតខ្ពស់ 4.5G/LTE advanced ត្រូវបានដាក់ឲ្យដំណើរការ ដែលអនុញ្ញាតឲ្យយុវជនរីករាយជាមួយ ការប្រើប្រាស់សេវាអ៊ីធឺណិតល្បឿនលឿន និងមានតម្លៃទាបបំផុតក្នុងតំបន់៕