(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហេង សុខណា នៅ​រសៀល​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៨​ នេះ​ នឹង​ប្រកាស​សាលក្រម​រឿង​ក្តី​ឧកញ៉ា​ ជួប​ ច័ន្ទ​ ពាក់ព័ន្ធ​បទល្មើស​ចេញសែកអត់លុយមួយលានដុល្លារ​អាមេរិក​ ។ ចន្លោះ​ពេល​នេះ​ មាន​លេចឮ​ព័ត៌មាន​ថា​ កំពុង​មាន​អ្នក​រត់ការ​ដោះលែង​ជនជាប់ចោទ​ ដែល​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ គឺ​ លោក​ លីវ​ វុទ្ធី​ សូម​ឱ្យ​តុលាការ​សម្រេច​តាម​ច្បាប់​ និង​ បទល្មើស​ដែល​ជនជាប់ចោទ​បាន​ប្រព្រឹត្ត​ ។

ដើម​បណ្តឹង​អះអាង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៨​ នេះ​ ខាង​ជនជាប់ចោទ​បាន​ចរចា​សងសំណង​នូវ​ចំនួន​ទឹកប្រាក់​មួយ​តិចតួច​ ដែល​មិន​អាច​ទទួល​យក​បាន​ ហើយ​លោក​សូម​ផ្តាំ​ផ្ញើ​ទៅ​មនុស្ស​ម្នាក់​ដែល​កំពុង​រត់ការ​ករណី​នេះ​ សូម​មេត្តា​ដកខ្លួន​ កុំ​លូកដៃ​ចូល​ប្រព័ន្ធ​តុលាការ​ ដែល​ធ្វើ​ឱ្យ​យុត្តិធម៌​បាត់បង់​ចំពោះ​ជនរងគ្រោះ​ និង​ប៉ះពាល់​ដល់​គោលនយោបាយ​កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​និង​យុត្តិធម៌​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

មន្ត្រីតុលាការ ថ្លែងថា អង្គហេតុដែលតុលាការចោទប្រកាន់ឧកញ៉ា ជួប ច័ន្ទ ​ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបាន» តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់គឺផ្ដើមចេញឧកញ៉ា ជួប ច័ន្ទ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន គឹម កៅ ក្នុងការបង្វិលប្រាក់សងមកក្រុមហ៊ុនគឹម កៅចំនួន៣លាន៥សែនដុល្លារ។ ក្នុងនោះឧកញ៉ា ជួប ច័ន្ទ បានចេញមូលប្បទានបត្រមួយសន្លឹក លេខ០៥៨៩៦០០ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ របស់ធនាគារកម្ពុជាពាណិជ្ជ ចំកាត់ដែលមានតម្លៃមួយលានដុល្លារ ដែលសែកនោះបានកំណត់ថ្ងៃបើកប្រាក់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៧។ ប៉ុន្តែដល់ថ្ងៃកំណត់បើកប្រាក់ស្រាប់តែខាងធនាគារបញ្ជាក់ថាគណនីនោះពុំមានប្រាក់ទេ ទើបក្រមហ៊ុនគឹម កៅ ដាក់ពាក្យប្ដឹងតែម្ដង។

ចំពោះបទចោទប្រកាន់នេះជនជាប់ចោទ ជួប ច័ន្ទ បានសារភាពថានៅអំឡុងឆ្នាំ២០០៨ ក្រុមហ៊ុនគឹម កៅ បានរកសុីជាមួយក្រុមហ៊ុនរតនសម្បត្តិក្នុងការទិញលក់ ស ជ ណ នៃដីសម្បទានតំបន់T87 ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានតម្លៃរួមចំនួន១១លានដុល្លារអាមេរិក ។ ក្នុងនោះការអនុវត្ត ស ជ ណ ទី១ លេខ០៤ ក្រុមហ៊ុនគឹម កៅ បានប្រគល់ប្រាក់ចំនួន៤ ៩៧០ ០០០ ដុល្លារតាមរយៈឧត្តមសេនីយ ជា តារា និងឧកញ៉ា ឌឿន សុវណ្ណ និងបន្តមកអនុវត្ត ស ជ ណ ទី២លេខ០៤៥។ ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនអាចអនុវត្តបានទេដោយ សាររាជរដ្ឋាភិបាលបាននិរាករណ៍ចោល សជណ នោះហើយប្រគល់ដីឱ្យប្រជាពលរដ្ឋអភិវឌ្ឍនៅនឹងកន្លែង។

ឧកញ៉ា ជួប ច័ន្ទ សារភាពទៀតថា ដោយសារមានការខាតបង់យ៉ាងសម្បើមនេះ ក្រុមហ៊ុន រតនសម្បត្តិ បានព្រមព្រៀងប្រគល់ប្រាក់ចំនួន ៣លាន៥សែនដុល្លារមកក្រុមហ៊ុនគឹម កៅវិញល្គឹកណាក្រុមហ៊ុនគឹម កៅ ផ្ទេរ សជ ណ ដែលនិរាករណ៍នោះមកក្រុមហ៊ុនរតនសម្បត្តិវិញ ។ ប៉ុន្តែខាងក្រុមហ៊ុន គឹម កៅ មិនបានអនុវត្តការផ្ទេរនោះទេ ។ ទោះបីជាយ៉ាងណានៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៥ ខ្លួនបានចុះកិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុន គឹម កៅ ក្នុងការបង្វិលប្រាក់ចំនួន៣លាន៥សែនដុល្លារមកឱ្យ ក្រុមហ៊ុនជាដើមបណ្ដឹងវិញតាមរយៈសែកមួយសន្លឹកលេខ ០៥៨៩៦០០ មកឱ្យក្រុមហ៊ុនគឹម កៅ ដោយកំណត់បើកប្រាក់នៅថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០១៧។ ប៉ុន្តែសែកនោះគ្រាន់តែតម្កល់តែប៉ុណ្ណោះមិនអាចបើកប្រាក់បានទេ ព្រោះមិនមានបោះត្រាក្រុមហ៊ុនរតនសម្បត្តិ។

បន្ទាប់មកខ្លួនបានប្ដឹងមកតុលាការសុំដីការក្សាការពារដើម្បីកុំឱ្យភាគីក្រុមហ៊ុន ជាដើមបណ្ដឹងយកសែកនោះទៅបើកប្រាក់។ ប៉ុន្តែខ្លួន មិនបានប្ដឹងសុំរំលាយកិច្ចព្រមព្រៀងនិងសែកមួយសន្លឹកមានតម្លៃមួយលានដុល្លារនោះទេ ក្រោយមកក្រុមហ៊ុនគឹម កៅ ក៏យកករណីសែកមកប្ដឹងតែម្ដង។

លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យបានគូសបញ្ជាក់ថាការឆ្លើយដោះសាររបស់ជនជាប់ចោទគ្រាន់តែ ជាចេតនាគេចវេសមិនទទួលខុសត្រូវលើអំពើល្មើសរបស់ខ្លួនប៉ុណ្ណោះ ជាការពិតជនជាប់ចោទមានចេតនាប្រព្រឹត្តការចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ ដែលច្បាប់កំណត់អោយផ្តន្ទាទោស។

សូមបញ្ជាក់ថា ឧកញ៉ា ជួប ច័ន្ទ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់លោក លីវ វុទ្ធី តំណាងឱ្យក្រុមហ៊ុន គឹម កៅ ដែលជាកូនប្រុសលោកឧកញ៉ា គឹម ហាប់ ថាបានចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ចំនួនមួយលានដុល្លារអាមេរិក កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ៕