(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ ​បានជួបសំណេះសំណាល និងពិភាក្សាការងារ ​ជាមួយ លោក កាស៊ូយូគី ណាកាណេ Kazuyuki NAKANE អនុរដ្ឋមន្ត្រីកិច្ចការបរទេសជប៉ុន និងប្រតិភូ​ដែលបំពេញទស្សនៈកិច្ចនៅខេត្តសៀមរាប​។

ជាមួយគ្នានេះ​ លោក​​ ឃឹម ប៊ុនសុង ​ក៏បានអបអរសាទរខួបអនុស្សាវរីយ៍​៦៥​ឆ្នាំ នៃទំនាក់ទំនង់ជាមិត្តភាពរវាងជប៉ុន-កម្ពុជា ជាពិសេសការសម្ពោធឲ្យដំណើរការ នូវការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ និងកំពង់ធំ។

ស្របពេលដំណើរការ នូវការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប​២០១៨ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់​ អនុរដ្ឋមន្ត្រីកិច្ចការបរទេសជប៉ុន សូមឲ្យមានការហោះហើរត្រង់ ពីប្រទេសជប៉ុនមកកាន់ខេត្តសៀមរាប ដើម្បីឲ្យភ្ញៀវទេសចរ​កើនឡើងថែមទៀត។

សូមជម្រាបថា បើតាមអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅឆ្នាំ២០១៦ខេត្តសៀមរាប ទទួលបាន​ភ្ញៀវទេសចរ​សរុបចំនួន ៥,០៤២,៨០១នាក់ បើប្រៀបធៀបឆ្នាំ២០១៥ ចំនួន​៥,០១១,៣១៦នាក់ កើនឡើង​០.៦២% ហើយឆ្នាំ២០១៧ ភ្ញៀវទេសចរ​ សរុបចំនួន ៥,៥៤៣,៤៣៤នាក់ កើន​៩,៣% ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ ចំនួន​២,៤៥៧​,២៨២​នាក់ កើនឡើង​១១,៤២% បើធៀបនឹងឆ្នាំ២០១៦, ភ្ញៀវទេសចរជាតិ ចំនួន​៣,០៨៦,១៥២​នាក់ កើនឡើង ៨,៧៧% ​បើធៀបនឹងឆ្នាំ២០១៦​។ ភ្ញៀវទេសចរ​ជប៉ុន មានចំនួន ១៣,៦១៥​នាក់ ​ជាប់ចំណាត់ថ្នាក់លេខ​៥៕