(កំពង់ស្ពឺ)៖ នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយយ៉ាងខ្លាំង បានកើតឡើងនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយសារការផ្ទុះរំសេវចេញពីឃ្លាំងស្តុកមួយកន្លែង ដែលជាមូលដ្ឋានរបស់កងយោធពលខេមរភូមិន្ទ បណ្តាលឲ្យប៉ើងទៅបុកចំផ្ទះប្រជាពលរដ្ឋ ចំងាយប្រមាណ២ទៅ៣គីឡូម៉ែត្រ រហូតបាក់ពិដានសង្កត់ម្ចាស់ផ្ទះ ដែលជាមន្រ្តីយោធារងរបួសទៀតផង។

បើតាមសមត្ថកិច្ចដែលចូលទៅកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ឃ្លាំងនេះគឺសម្រាប់ស្តុករំសេវ ហើយប្រហែលមានការខុសបច្ចេកទេស ទើបមានការផ្ទុះបែបនេះ រហូតប៉ើងទៅប៉ះផ្ទះរបស់ប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតទៀតផង។ ករណីនេះក៏បានបណ្តាលឲ្យមន្រ្តីយោធាម្នាក់ ឈ្មោះ រិទ្ធ​ រងរបួសផងដែរ ដោយសារពិដានផ្ទះបាក់ធ្លាក់សង្កត់។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ក៏បានឲ្យដឹងផងដែរថា ពេលនេះកម្លាំងអាវុធហត្ថ និងអធិការនគរបាលស្រុក កំពុងស្ថិតនៅទីតាំងនោះ ហើយឲកម្លាំងមិនអាចចូលទៅក្នុងមូលដ្ឋាននេះបានទេ ខ្លាចរំសេវអាចនឹងបន្តផ្ទុះទៀត៕