(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ នៃមន្ទីរយុត្តិកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់វ័យក្មេង០២នាក់ ទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ចោរឆក់វ័យក្មេង០២នាក់មានឈ្មោះ៖ ១៖ ឈ្មោះ យូ ចាន់រិទ្ទ ភេទប្រុស អាយុ១៨ឆ្នាំ និង២៖ ឈ្មោះ ផុន ចាន់ត្រា ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករាធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២១៖៣០នាទី បន្ទាប់ពីពួកគេទាំង០២នាក់ រួមនិងបក្ខពួក០២នាក់ ទៀត ឈ្មោះ សាល និងឈ្មោះ គិរី ដែលរត់គេចខ្លួនបាត់ បានធ្វើសកម្មភាពឆក់សម្ភារៈពីជនបរទេស ដែលកំពុងជិះលើម៉ូតូកង់បី នៅចំណុចផ្លូវលេខ២៧៤ កែង១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ តែដោយប្រជាពលរដ្ននៅក្បែរនោះឃើញ បានស្រែកឆោរឡោ ចោរៗលឺ ដល់សមត្ថកិច្ចអាវុធហត្ថដែលកំពុងល្បាត បានប្រដេញតាមភ្លាមៗ រហូតដល់ចំណុចក្បែររង្វង់មូលវត្តសំពៅមាស ក៏ឃាត់ខ្លួន រូបគេទាំង០២នាក់ បានតែម្តង។

ក្រោយពេលឃាត់ខ្លួនបាន ពួកគេទាំង០២នាក់ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា មុនពេលកើតហេតុពួកគេបានជិះម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៍ត្រួយចេក ស្លាកលេខ ភ្នំពេញ 1FT-2021 ចេញពីផ្ទះ ដើម្បីធ្វើសកម្មភាពឆក់ លុះពេលជិះដល់ចំណុចស្តុបសន្ធរម៉ុក ពួកគេក៏បានជួបបក្សពួក ០២នាក់ ទៀត ឈ្មោះ សាល និង ឈ្មោះ គិរី ដែលជិះម៉ូតូម៉ាក ហុងដា សេ ១២៥ មិនចាំស្លាកលេខ ហើយពួកគេបានជិះគ្រប់ទីកន្លែងគ្មានគោលដៅច្បាស់លាស់ លុះពេលជិះដល់ចំណុចផ្លូវលេខ២៧៤ កែង១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ពួកគេបានឃើញជនបរទេស កំពុងជិះលើកង់បី ភ្លាមនោះ ពួកគេ បានធ្វើសកម្មភាពឆក់ យកសម្ភារៈ របស់ជនបរទេសតែម្តង តែត្រូវបានប្រជាពលរដ្ឋឃើញសកម្មភាពរបស់ពួកគេ បានស្រែកឆោរឡោរ លឺដល់សមត្ថកិច្ចអាវុធហត្ថកំពុងល្បាត បានប្រដេញតាមពួកគេ រហូតដល់ចំណុច ក្បែររង្វង់មូលវត្តសំពៅមាស ក៏ធ្វើការឃាត់ខ្លួនបានតែម្តង។

ពួកគេបានបន្តឲ្យដឹងទៀតថា កន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពឆក់បានសម្រេចជាច្រើនលើក រួចមកហើយ នៅកន្លែងផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ ក្រោយពេលធ្វើសកម្មភាពឆក់រួច បាននាំគ្នាស៊ីផឹក និងទិញគ្រឿងញៀនមកប្រើប្រាស់ នៅក្នុងផ្ទះសំណាក់។ ក្នុងអំឡុងឆ្នាំ ២០១៧ ពួកគេធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅមណ្ឌលកែប្រែម្តងរួចមកហើយ៕