(បន្ទាយមានជ័យ)៖ លោកគ្រូសឹង្ហ​ វ៉ាត កីឡាករប្រដាប់ដើមទស្សវត្សរ៍៧០ ដែលបច្ចុប្បន្ននេះមានវ័យ៦៩ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ហើយកំពុងធ្លាក់ខ្លួនឈឺធ្ងន់នោះ ពេលនេះ កំពុងតែអំពាវនាវរកសប្បុរសជននានា ដើម្បីជួយឧបត្ថម្ភព្យាបាលជំងឺរបស់លោក ខណៈដែលលោកគ្រូ នៅបន្តសកម្មភាព ​បង្ហាត់បង្រៀនដល់យុវជន យុវតី ក្នុងខេត្តបន្ទាយមានជ័យនៅវិស័យកីឡា បាត់ទាល់ ប្រដាល់ដោយមិនគិតថ្លៃ។

លោកគ្រូ​ សឹង្ហ​ វ៉ាត​ បានរៀបរាប់ថា រូបលោកបានចូលជាវិស័យកីឡាតាំងពីដើមទស្សវត្សរ៍៧០មកម្ល៉េះ ព្រោះតែរូបលោកចូលចិត្ត និងស្រលាញ់ រហូតដល់សម័យប្រល័យពូជសាសន៍ រូបនៅតែបន្តសកម្មភាពនេះ។ កាលនោះរូបលោកមានមិត្តភក្តិម្នាក់បានបួលឱ្យរៀនប្រដាល់ បានរយៈពេល៥ឆ្នាំ លោកក៏បានចូលរួមប្រកួតជាច្រើនដងផងដែរ។

លោកបានបញ្ជាក់ថា ក្រោយមកលោកបានស្គាល់មិត្តភក្តិម្នាក់ទៀត បានបបួលឱ្យរៀនបាល់ទាល់ល្អជាង រូបលោកក៏បានសម្រេចចូលរៀនបន្ថែមទៀត គ្រានោះលោកក៏បានចូលរួមប្រកួតថ្នាក់ជាតិផងដែរ ដោយមានការស្រលាញ់ នូវវិស័យកីឡា លោកក៏បានសម្រេចចិត្តបង្ហាត់បង្រៀនកូនសិស្សជំនាន់ក្រោយៗឱ្យយល់ដឹងនៅវិស័យកីឡាបាល់ទាត់ ដោយរូបលោកបង្រៀនមិនតំរ៉ូវឱ្យបង់លុយកាកឡើយ ។

លោកគ្រូសឹង្ហ​ វ៉ាតបានថ្លែងបញ្ជាក់ថា តាំងពីរូបលោកបានបង្ហាត់បង្រៀនសិស្សនូវវិស័យទាំង២ខាងលើនេះ សរុបសិស្សមិនក្រោម៥០០នាក់ឡើយ តែយ៉ាងណាសិស្សដែលរូបលោកបង្ហាត់បង្រៀនគឺគោរពស្រឡាញ់លោកជានិច្ច​។

លោកគ្រូ សឹង្ហ​ វ៉ាត​ អតីតអនុប្រធានមន្ទីរឃោសនាការខេត្តបន្ទាយមានជ័យ កំពុងរងការញាំញីពីជំងឺរលាកក្រពះ ពោះវៀនធំធ្ងន់ធ្ងរ។ ដោយសារតែលោកគ្រូ ពុំមានថវិកាគ្រប់គ្រាន់ សម្រាប់ព្យាបាលជំងឺ ណាមួយចំណាយច្រើន លើការបង្ហាត់បង្រៀនថែមទៀតនោះ លោកគ្រូក៏អំពាវនាវដល់សប្បុរសជននានា ជាពិសេសអ្នកចូលចិត្តវិស័យកីឡា ជួយឧបត្ថម្ភតាមលទ្ធភាព។

ពាក់ព័ន្ធបញ្ហាខាងលើនេះ កន្លងទៅក៏មានសប្បុរសជន ដែលបានស្គាល់រូបលោកគ្រូ បានចូលរួមផ្តល់នូវថវិកា​មួយចំនួនជាបន្តបន្ទាប់ហើយដែរ យ៉ាងក្តីចំនួនថវិកាទាំងនោះ មិនទាន់គ្រប់ថ្លៃចំណាយនៅឡើយទេ។ សប្បុរសជនមួយចំនួន ក៏ស្នើឱ្យលោកគ្រូ ផ្អាកការបង្រៀនសិនហើយព្យាបាលសុខភាព ប៉ុន្តែត្រូវលោកគ្រូជំទាស់ជាច្រើនលើក។

លោកគ្រូសឹង្ហ​ វ៉ាត បានថ្លែងទាំងអួលដើម-កយ៉ាងដូច្នេះថា៖ «ទាល់តែរូបខ្ញុំស្លាប់ ទើបខ្ញុំឈប់សកម្មភាពបង្ហាត់បង្រៀនវិស័យកីឡានេះ បើខ្ញុំមិនទាន់ស្លាប់ទេ គឺខ្ញុំមិនឈប់ឡើយ នៅតែបង្ហាត់ក្មេងៗរហូតតទៅទៀត បើចៅខ្ញុំតូចក៏នៅតែរត់ទៅលេងកីឡាបាល់ទាល់ ជាមួយរូបលោកជារៀងរាល់ល្ងាចផងដែរ»

សូមបញ្ជាក់ថា លោកគ្រូសឹង្ហ​ វ៉ាត បានចាប់យកអាជីពវិស័យកីឡាតាំងពីអាយុ១៤ឆ្នាំ មុនបង្កើតក្រុមបាល់ទាល់ក្នុង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងក្រោយសម័យប្រល័យពូជសាសន៍ រួចបន្តជាសកម្មជនកីឡាក្នុងខេត្តបន្ទាយមានជ័យមករហូតមកដល់បច្ចុប្បន្ននេះ។ លោកគ្រូក៏បានដឹកនាំំក្រុមកីឡាករបាល់ទាល់ចូលរួមប្រកួតជាមួួយភាគីថៃជាច្រើនដង និងមិនដែលទទួលការបរាជ័យឡើយ មានតែជ័យជំនះ។

លោក សាលី ជាសិស្សឆ្នើមរបស់លោកគ្រូតា​សឹង្ហ​ វ៉ាត​ បានថ្លែងថា បច្ចុប្បន្ននេះលោកគ្រូតា មានជំងឺធ្ងន់ធ្ងរណាស់ គ្មានថវិកាសម្រាប់ព្យាបាលជំងឺឡើយ មានតែម្រាមដៃដប់អំពាវនាដល់ ថ្នាក់ដឹកនាំ និងសប្បុរសជនជួយលោកគ្រូតែប៉ុណ្ណោះ៕