(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងចាក់ដីប្រមាណជិត២០ម៉ឺនម៉ែត្រគូប ដើម្បីបំពេញប្រឡាយស្ទឹងមានជ័យ ក្នុងគោលបំណងរៀបចំ ផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។ នេះបើតាមការបង្ហាញឱ្យដឹងពីមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានី អំឡុងពេល លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលការដ្ឋាននេះ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យនេះ យើងនឹងចាក់ដីបំពេញដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន១៧ម៉ឺនម៉ែត្រគូប ហើយមកដល់ពេលនេះ យើងចាក់ដីបាន៧៥០០០ម៉ែត្រគូបហើយ ក្រោយពីប្រជាពលរដ្ឋជាង១០០គ្រួសារបានស្ម័ក្រចិត្តរុះរើផ្ទះចេញពីខ្នងប្រឡាយ កាលពីប៉ុន្មានខែមុននេះ។ លោកបន្តថា សម្រាប់សំរាមវិញយើងបានកើបចេញប្រមាណជា៤៣០០០ម៉ែត្រគុប។

ក្នុងឱកាសនៃការចុះពិនិត្យមើលការដ្ឋាននេះ លោកឃួង ស្រេង បានណែនាំមន្ត្រីជំនាញអនុវត្តការងារនេះឱ្យបានលឿន ដើម្បីបន្តការដ្ឋានមួយជំហានទៀត។ ក្រៅពីនេះលោកអភិបាល ក៏បានអរគុណចំពោះប្រជាជនដែលចូលរួមសហការជាមួយរដ្ឋបាលរាជធានី។លោកថា ទីនេះនឹងមានរោងការ ដូចផ្លូវទំបន់ទួលគោកកាលពីទស្សវត្តទី៩០។

គួរបញ្ជាក់ថា ប្រឡាយស្ទឹងមានជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការអភិវឌ្ឍនេះមានប្រវែង១៣៥០ម៉ែត្រ ដោយឆ្លងកាត់ខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។

ប្រឡាយស្ទឹងមានជ័យ នឹងត្រូវសាងសង់ឡើង ដោយបុកស៊ីផាយ ដូចនៅប្រឡាយបាក់ទូកដែរ ដោយត្រូវធ្វើផ្លូវ៦ម៉ែត្រជាប្រភេទផ្លូវបេតុង រៀបចំតបណ្តាញទឹក ភ្លើងអគ្គីសនីចូលផ្ទះប្រជាពលរដ្ឋ ដាក់បង្កោលភ្លើងសាធារណៈនៅលើផ្លូវនេះថែមទៀត។

ប្រឡាយស្ទឹងមានជ័យនេះបានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពន់។ ជាគម្រោង តួប្រឡាយស្ទឹងមានជ័យ មានទំហំ៨ម៉ែត្រចិញ្វើម២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕