(ភ្នំពេញ)៖ ក្នុងពិភាក្សាជាមួយ លោកស្រី Sushma Swaraj រដ្ឋមន្រ្តីការបរទេសឥណ្ឌា នៅសណ្ឋាគារថាចម៉ាហាល ប្រទេសឥណ្ឌា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឥណ្ឌាឱ្យបញ្ជូនអ្នកសង្កេតការ មកចូលរួមពិនិត្យតាមដាន ការបោះឆ្នោតនៅកម្ពុជា ចុងខែកក្កដាខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើទំព័រ ​Facebook ឱ្យដឹងថា មូលហេតុដែលសម្តេចស្នើឱ្យភាគីឥណ្ឌាបញ្ជូនអ្នកសង្កេតការទៅចូលរួមពិនិត្យតាមដានការបោះឆ្នោតនៅកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយសារឥណ្ឌាជាប្រទេសប្រជាធិបតេយ្យដ៏ធំមួយ ដែលអាចវាយតម្លៃបានអំពីការបោះឆ្នោតនៅកម្ពុជាអំពីភាពសេរីត្រឹមត្រូវ និងយុត្តិធម៌ ក្នុងពេលបោះឆ្នោតខាងមុខនេះ។

លោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌា ក៏បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរដែលមានជាយូរមកហើយ។ លោកស្រី លើកឡើងថា តាមរយៈទំនាក់ទំនងល្អនិងមិត្តភាពល្អនេះហើយ គឺបានផ្តល់ឱកាសឱ្យឥណ្ឌាបានចូលរួមជួយកម្ពុជាទាំងក្នុងសកម្មភាពមនុស្សធម៌ និងក្នុងការចូលរួមស្វែងរកសន្តិភាពដល់កម្ពុជា រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងការថែរក្សាជួសជុលប្រាសាទបុរាណកម្ពុជាផងដែរ។

ក្រៅពីស្នើឱ្យភាគីឥណ្ឌា ចូលរួមសង្កេតការការបោះឆ្នោតនៅកម្ពុជា នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ ក៏បានលើកឡើងអំពីការចូលរួមរបស់កម្ពុជា ក្នុងបេសកកម្មអន្តរជាតិក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផងដែរ។

សម្តេចតេជោ បានស្នើសុំឱ្យភាគីឥណ្ឌាពង្រឹងបន្ថែមនូវកិច្ចសហការគ្នាឱ្យកាន់តែល្អទៅលើបេសកកម្មអន្តរជាតិក្រោមឆ័ត្រ UN ដើម្បីការពារសុវត្ថិភាពបុគ្គលិក និងមន្រ្តីនៃប្រទេសទាំង២ ដែលកំពុងបម្រើការងារនៅតាមប្រទេសមួយចំនួនដូចជា Sudan, South Sudan, Central African Republic, Chad, Syria, Lebanon and Mali ជាដើម។ កន្លងមកកម្ពុជាចូលរួមតែកងកម្លាំង តែមិនទាន់បានចូលរួមជាគំនិតនៅឡើយ ដូច្នេះសូមឱ្យឥណ្ឌាសហការគ្នាឱ្យបានខ្លាំងលើចំណុចនេះ រួមទាំងការផ្លាសប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ចំណេះដឹងជំនាញជាដើម។

លោកស្រីរដ្ឋមន្រ្តី បានគាំទ្រជំហររួមក្នុងការធានាសុវត្ថិភាពកងទ័ពនៃប្រទេសទាំង២ក្នុងបេសកម្ម UN ហើយ នេះក៏ជាការព្រួយបារម្ភរបស់ឥណ្ឌាផងដែរ។ លោកស្រី នឹងពិភាក្សាជាមួយអគ្គលេខាធិការ UN លើចំណុចសំខាន់នេះ៕