(ភ្នំពេញ)៖ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា បានឯកភាពយល់ព្រមធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា នាពេលខាងមុខនេះ តាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការឯកភាពនេះបានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលពេលបំពេញទស្សនកិច្ចផ្លូវការរយៈពេល៥ថ្ងៃ នៅប្រទេសឥណ្ឌា ជាមួយលោក ណារិនដ្រា ម៉ូឌី នៅវិមានរ៉ាស្រ្តាប្ហាទីប្ហាវ៉ាន់ ក្រុងញូវដែលី ប្រទេសឥណ្ឌា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ។

សេចក្តីប្រកាសរួម អំពីលទ្ធផលនៃទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសូមស្នើអញ្ជើញនាយករដ្ឋមន្ត្រី ម៉ូឌី ទៅបំពេញ ទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងពេលវេលាសមស្របរបស់ភាគីទាំងពីរ។ នាយករដ្ឋមន្ត្រី ម៉ូឌី បានសម្តែងអំណរគុណ និងទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចតបវិញនាពេលអនាគត ដើម្បីពង្រឹងថែមទៀតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។

សូមបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី២៤ ដល់២៧ ខែមករា ឆ្នាំ២០១៨នេះ តបតាមការអញ្ជើញរបស់ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា។ សម្តេចតេជោ នឹងត្រឡប់មកដល់កម្ពុជានៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨៕