(ភ្នំពេញ)៖ នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសឥណ្ឌា, ប្រទេសដែលមានប្រជាជនច្រើនលំដាប់ទី២លើលោកមួយនេះ បានឯកភាពផ្តល់ឥណទានសម្បទាន (ប្រាក់កម្ចីការប្រាក់ទាប) ចំនួន២០លានដុល្លារ សម្រាប់ការសាងសង់ ខ្សែបញ្ជូនអគ្គិសនី នៅប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេសកម្ពុជា អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់របស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។

តាមសេចក្តីប្រកាសរួមកម្ពុជា-ឥណ្ឌា អំពីលទ្ធផលនៃទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន, ភាគីទាំងពីរ បានឯកភាពគ្នារៀបចំការចុះហត្ថលេខាសម្រាប់ការផ្តល់ឥណទាន សម្បទាន២០លានដុល្លាអាមេរិក សម្រាប់ការសាងសង់ ខ្សែបញ្ជូនអគ្គិសនីនៅកម្ពុជា ក្នុងអនាគតដ៏ខ្លីខាងមុខ។

នាយករដ្ឋមន្ត្រីឥណ្ឌា បានបង្ហាញពីការប្តេជ្ញារបស់ឥណ្ឌាក្នុងការបន្តភាពជាដៃគូអភិវឌ្ឍន៍ ក្នុងវិស័យជាអាទិភាពរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីនេះ ឥណ្ឌានឹងបង្កើនចំនួនគម្រោងទទួលផលឆាប់រហ័សប្រចាំឆ្នាំនៅប្រទេសកម្ពុជាពីចំនួន ០៥ ទៅ ១០។

សេចក្តីប្រកាសបានបញ្ជាក់ទៀតថា ឥណ្ឌានឹងជួយក្នុងការបង្កើតមជ្ឈមណ្ឌលវិស័យព័ត៌មានវិទ្យាដ៏ល្អប្រសើរ និងសេវាកម្មទ្រទ្រង់វិស័យព័ត៌មានវិទ្យា។ ភាគីទាំងពីរបានឯកភាពគ្នាអំពីការផ្តល់ឥណទានសម្បទានចំនួន២០លានដុល្លាអាមេរិក ដោយឥណ្ឌាសម្រាប់ការសាងសង់ខ្សែបញ្ជូនអគ្គិសនីនៅកម្ពុជា ហើយឯកភាពគ្នារៀបចំការចុះហត្ថលេខាក្នុងអនាគតដ៏ខ្លីខាងមុខ។

រដ្ឋាភិបាលឥណ្ឌា ក៏បានលើកពីបំណងចង់ផ្តល់ឥណទានបន្ថែមសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមានក្នុងវិស័យសុខាភិបាល(បង្កើតមន្ទីរពេទ្យឯកទេសកម្រិតខ្ពស់) និងការតភ្ជាប់ (ផ្លូវថ្នល់ ផ្លូវដែក និងឌីជីថល) ថែមទៀតផងដែរ៕