(ភ្នំពេញ)៖ បើគ្មានការប្រែប្រួលទេ ចលនាឧទ្ទាមសង្គ្រោះជាតិ ដឹកនាំដោយ សម រង្ស៊ី អេង ឆៃអ៊ាង មូរ សុខហួរ ជូឡុង សូមួរ៉ា ដែលទទួលរងនូវការជំទាស់យ៉ាងខ្លាំងពីក្រុមកឹម សុខា និយម និងសកម្មជន និងអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិនោះ អាចត្រូវប្រកាសបង្កើត ជាផ្លូវការនៅថ្ងៃអាទិត្យទី២៨ ខែមករា ឆ្នាំ២០១៨ លើទឹកដីសហរដ្ឋអាមេរិក។ បើចលនាខុសច្បាប់នេះកើតចេញជារូបរាងមែននោះ គឺមានន័យថាអ្វីៗដែលក្រុមកឹមសុខា ដឹកនាំដោយកឹម មនោវិទ្យា កូនស្រី កឹម សុខា បានចំណាយកម្លាំងតាំងពីខែកញ្ញា ឆ្នាំ ២០១៧ ដើរញុះញង់បរទេសឱ្យដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកម្ពុជា និងបំផ្លាញផលប្រយោជន៍ប្រជាជនកម្ពុជា ក្នុងនាមគណបក្សសង្គ្រោះជាតិ ដែលពួកគេ អួតអាងថានៅមានជីវិតនៅឡើយ និងទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ក្លាយជា គ្មានន័យអ្វីទាំងអស់។ ចលនា ឧទ្ទាមបំផ្លាញជាតិដែលទើបនឹងកើតនេះគឺជាព្រលឹងបក្សសង្គ្រោះជាតិចាប់កំណើតជាថ្មី ហើយក៏បញ្ជាក់ប្រាប់ទៅអ្នកស្រពិចស្រពិលមួយចំនួនថា គណបក្សសង្គ្រោះជាតិ ពិតជាបានស្លាប់បាត់បង់ជីវិត តាមអំណាចសាលដីកាតុលាការកំពូលហើយដែរ។

ការសម្រេចបង្កើតចលនាឧទ្ទាមខុសច្បាប់នេះឡើងគឺគ្រាន់តែជាការបង្កើតឱកាសឱ្យ សម រង្ស៊ី អាចវិលត្រឡប់ចូលឆាកនយោបាយជាថ្មី និងឆ្លៀតឱកាសដែល កឹម សុខា កំពុងជាប់ពន្ធគារ ហើយក្រុមនេះ ខ្វះមេដឹកនាំ សម រង្ស៊ី ត្រូវយកលេសនេះ ឡើងធ្វើជាមេដឹកនាំចលនាប្រឆាំងឡើងវិញ ដោយស្រូបយកនូវកម្លាំងទាំងអស់របស់អតីតគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ។ វាដូចគ្នាដូច្នោះដែរ នៅពេលដែល សម រង្ស៊ី ចុះខ្សោយ ឬមិនអាចដឹកនាំបក្សបាន កឹម សុខា ក៏ឆ្លៀតយកឱកាសនោះដណ្តើមធ្វើជាមេបក្សដូចគ្នា។ ដូច្នេះការខិតខំបង្កើតចលនា និងសកម្មភាពផ្សេងៗរបស់ សម រង្ស៊ី គឺដើម្បីសង្គ្រោះជីវិតនយោបាយរបស់ខ្លួន និងដើម្បីមហិច្ឆតាអំណាចតែប៉ុណ្ណោះ មិនមែនដើម្បីជួយឱ្យ កឹម សុខា រួចចេញពីគុកពន្ធនាគារដូចដែល សម រង្ស៊ី អេង ឆៃអ៊ាង ប្រកាសក្តែងៗបោកប្រាសសកម្មជនរបស់ខ្លួននោះទេ។ តាមពិត សម រង្ស៊ី និងក្រុមគាត់ ពិតជាសប្បាយចិត្តទៅវិញទេដែល កឹម សុខា ត្រូវបានចាប់ខ្លួន និងឃុំខ្លួន ដែលផ្តល់ឱកាសដល់ពួកគេក្នុងការក្តោបយកបក្សមកគ្រប់គ្រងឡើងវិញ។

ដូចនេះ សម្រាប់ក្រុមលោក កឹម សុខា បើយន្តការគណបក្សជាអ្នករកឃើញដំណោះស្រាយនយោបាយដូចការទាមទារនោះ គឺ គណបក្សសង្រ្គោះជាតិនឹងរស់ឡើងវិញ ដោយមានលោក កឹម សុខា ធ្វើប្រធានបក្សដដែល ប៉ុន្តែ សម្រាប់ក្រុមលោក សម រង្ស៉ី បើចលនាសង្រ្គោះជាតិជាអ្នករកឃើញដំណោះស្រាយនយោបាយ គឺលោក សម រង្ស៉ី ឯណោះវិញទេ ដែលត្រូវវិលចូលឆាកនយោបាយ ធ្វើជាប្រធានគណបក្សសង្រ្គោះជាតិថ្មី។ លោក កឹម សុខា យល់ច្បាស់ណាស់អំពីរឿងនេះ ហេតុដូចនេះហើយបានជាគាត់ប្រកាសចេញពីពន្ធនាគារ តាមរយៈមេធាវី របស់គាត់ថា មិនគាំទ្រ និងមិនចូលរួមក្នុងចលនាសង្រ្គោះជាតិរបស់លោក សម រង្ស៉ី ជាដាច់ខាត។

ចលនាមួយដែលតាំងខ្លួនជាខ្មាំងនឹងរាជការ គឺជាចលនាឧទ្ទាមយ៉ាងពិតប្រាកដ ប៉ុន្តែថ្មីៗនេះ ស្រាប់តែក្រុមលោក សម រង្ស៉ី បាន រួមគ្នាលួចទៅបង្កើត «ចលនាសង្រ្គោះជាតិ» នៅក្រៅក្របខណ្ឌនៃ យន្តការគណបក្សសង្រ្គោះជាតិ។ លោក អេង ឆៃអ៊ាង បានលើកហេតុផលថា គណបក្សសង្រ្គោះជាតិបានស្លាប់បាត់ទៅហើយ ហើយការធ្វើសកម្មភាពក្នុងក្របខណ្ឌគណបក្សនេះ គឺជារឿងខុសច្បាប់ ដូចនេះ តើបង្កើតយន្តការថ្មី ដើម្បីអាចធ្វើសកម្មភាពជួយគណបក្សសង្រ្គោះជាតិអោយរស់ឡើងវិញ។ ការលើកហេតុផលនេះ ស្តាប់ហាក់ទំនងដែរ តែសំណួរដែលជាជម្រៅពិតប្រាកដនៃបញ្ហា គឺថា បើសកម្មភាពក្នុងក្របខណ្ឌគណបក្សសង្រ្គោះជាតិខុសច្បាប់ ហើយមិនអាចធ្វើសកម្មភាពបាន ចុះចលនាសង្រ្គោះជាតិដែលបង្កើតឡើងដោយក្រុមលោក សម រង្ស៉ី ជាចលនាត្រូវច្បាប់? ចលនានេះ មិនត្រឹមមិនមានចុះបញ្ជីតាមច្បាប់នោះទេ រាជការថែមទាំងបានចាត់ទុកចលនានេះថា ជាចលនាឧទ្ទាមនៅក្រៅប្រព័ន្ធប្រជាធិបតេយ្យ និងក្រៅក្របខណ្ឌច្បាប់ ដែលទាំងអ្នកដឹកនាំ ទាំងអ្នកចូលរួមក្នុងចលនានេះ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ដែលអាចទទួលទោសយ៉ាងធ្ងន់ធ្ងរចំពោះគម្រោងការបំផ្លាញសន្តិភាព និងសន្តិសុខសាធារណៈនេះ។

ចៅចាក់ស្មុក៖ នេះគ្រាន់តែនិយាយបំភ័ន្តតែប៉ុណ្ណោះ។ បើចលនានេះ ពិតជាមានគោលដៅសង្រ្គោះគណបក្សសង្រ្គោះជាតិ និងទាមទារអោយដោះលែងលោក កឹម សុខា ដូចគ្នានឹងអ្វីដែលអ្នកនាង កឹម មនោវិទ្យា និងក្រុមលោក កឹម សុខា កំពុងតែធ្វើ តើចាំបាច់ត្រូវបង្កើតយន្តការថ្មី បើយន្តការទាំងពីរនេះ ខុសច្បាប់ដូចតែគ្នា។ ខ្ញុំមើលឃើញថា ចលនានេះ គឺបង្កើតឡើងដោយក្រុមរបស់ សម រង្ស៊ី ដើម្បីដណ្តើមអំណាចបក្សរបស់ខ្លួនមកវិញតែប៉ុណ្ណោះ មិនមែនដើម្បីជួយសង្គ្រោះ កឹម សុខា ឱ្យបានចេញពីគុកនោះទេ ប៉ុន្តែ យកការជាប់គុករបស់លោក កឹម សុខា ធ្វើជាជំនួញនយោបាយ ដើម្បីទាក់ទាញការគាំទ្រ និងការចូលរួមទៅវិញ។ កូនស្រីកឹម សុខា គឺកឹម មនោ វិទ្យា បានធ្វើសកម្មភាពរាល់ថ្ងៃ ដើម្បីជួយឪពុករបស់នាង ចុះម៉េចបានជាត្រូវមាន ក្រុមមួយផ្សេងទៀត។

បើពួកគេពិតជាមានឆន្ទៈតែមួយ និងមានចិត្តស្មោះស គ្មានកលល្បិច សួនតួនៅពីក្រោយរៀងខ្លួន គឺពិតជាពុំមានការចាំបាច់ណាមួយផ្នែកយុទ្ធសាស្រ្តនយោបាយ ដែលត្រូវបំបែកកំលាំង ដើម្បីបង្កើតយន្តការថ្មីនោះទេ? ប៉ុន្តែ ប្រសិនបើពិនិត្យមើលជ្រុងមួយសម្រាប់លោក សម រង្ស៉ី វិញ ជាយុទ្ធសាស្រ្តសម្រាប់រូបគាត់ជាបុគ្គលផ្ទាល់ខ្លួន ការបង្កើតចលនានេះ គឺជារឿងចាំបាច់។ ចាំបាច់ ព្រោះវាជាឱកាសនយោបាយ ដែលអាចវិលចូលក្នុងឆាកនយោបាយខ្មែរវិញ តាមរយៈការឡើងធ្វើមេដឹកនាំចលនានេះ។ យើងដឹងហើយថា កន្លងមក លោក សម រង្ស៉ី មិនត្រឹមតែបានលាលែងតំណែងពីប្រធានគណបក្សសង្រ្គោះជាតិនោះទេ ប៉ុន្តែ ថែមទាំងបានលាលែងពីសមាជិកគណបក្សនេះទៀតផង។ ដូចនេះ លោក សម រង្ស៉ី ពុំអាចតាំងខ្លួនជាគណបក្សសង្រ្គោះជាតិ ដើម្បីតស៊ូមតិនោះទេ។ ក្នុងក្របខណ្ឌគណបក្សសង្រ្គោះជាតិ គាត់ជាមនុស្សនៅក្រៅឆាក។ ដូចនេះ ហើយបានជាកន្លងមក ក្រុមលោក កឹម សុខា ដែលដឹកនាំដោយអ្នកនាង កឹម មនោវិទ្យា ហាក់មានសកម្មភាពលេចធ្លោ និងទទួលបានការ រាក់ទាក់ច្រើនជាងនៅអាមេរិក ក៏ដូចជានៅអ៉ឺរ៉ុប។ ចំណុចចាំបាច់មួយទៀត គឺថា យុទ្ធនាការ ដែលដឹកនាំដោយក្រុមលោក កឹម សុខា ក្នុងការបញ្ចុះបញ្ចូលអន្តរជាតិអោយជួយ គឺមានរបៀបវារៈច្បាស់លាស់ គឺជួយគាស់គណបក្សសង្រ្គោះជាតិចេញពីផ្នូរ ហើយប្រស់អោយរស់វិញ និងដោះលែងលោក កឹម សុខា។ ការទាមទារអោយលោក សម រង្ស៉ី អាចចូលស្រុកធ្វើនយោបាយវិញ គឺគ្មានឡើយនៅក្នុងរបៀបវារៈនៃការទាមទាររបស់ក្រុមលោក កឹម សុខា។

លាលេងៗជាឆាកល្ខោននយោបាយ ប៉ុន្តែ គេផាត់ចេញមែនទែនពីឆាកនយោបាយពិតប្រាកដ។ ដើម្បីវិលចូលឆាកនយោបាយវិញ ក្នុងឋានៈជាមេដឹកនាំប្រឆាំង លោក សម រង្ស៉ី ចាំបាច់ត្រូវបង្កើតឱកាសអោយខ្លួនឯង ប៉ុន្តែ ឱកាសនេះ ត្រូវសម្លាប់ចោលស្រមោលនៃគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស និងបំផ្លាញចោលនូវការងាររបស់ក្រុមលោក កឹម សុខា ដែលខំប្រឹងធ្វើកន្លងមក ក្នុងយុទ្ធសាស្រ្ត និងយន្តការនៃគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែ កលល្បិចនយោបាយ តាមបែបពាលស៉ីពាលបែបនេះ ត្រូវបានក្រុមលោក កឹម សុខា មើលឃើញយ៉ាងច្បាស់ ហើយអ្នកស្មោះត្រង់នឹងលោក កឹម សុខា គឺដាច់ខាតមិនចូលរួមឡើយ។ ចូលរួមក្នុងចលនាក្រៅបក្ស មានន័យស្មើនឹងសម្លាបយន្តការបក្ស។

ចៅចាក់ស្មុក