(ភ្នំពេញ)៖ ក្រោយចាកចេញពីកម្ពុជា កាលពីព្រឹកមិញ ពេលនេះគេបានឃើញវត្តមានកីឡាករជម្រើសជាតិកម្ពុជា ប្រាក់ មុន្នីឧត្តម កំពុងស្ថិតនៅប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមធ្វើតេស្ដសមត្ថភាព និងពិនិត្យសុខភាពជាមួយក្លឹបថ្មីនៅទីនោះ ។ នេះបើតាមការលួចបង្ហើបឲ្យដឹងពីប្រភពស្និទ្ធស្នាលនឹងប្រធានក្រុមព្រះខ័នរាជស្វាយរៀងនេះផ្ទាល់តែម្ដង ។

ប្រភពខាងលើ បានឲ្យដឹងថា ប្រាក់ មុន្នីឧត្តម គ្រោងនឹងធ្វើតេស្ដសមត្ថភាពជាមួយក្រុម Negeri Sembilan FA ដែលធ្លាប់បានមកប្រកួតមិត្តភាព ជាមួយក្រុមខ្លាំងៗកម្ពុជាកាលពីពេលថ្មីៗ ដូចជាជួបក្រុមក្រសួងការពារជាតិស្មើគ្នា ១-១, ប៉ះក្រុមភ្នំពេញក្រោន លត់ក្រុមម្ចាស់ផ្ទះ ៣-០ និងចុងក្រោយចាញ់ក្រុមព្រះខ័នរាជស្វាយរៀង របស់កីឡាករ ប្រាក់ មុន្នីឧត្តម ផ្ទាល់ដោយលទ្ធផល ២-១ ។

ដូច្នេះប្រសិនបើម្ចាស់ពានកីឡាករល្អជាងគេ ប្រចាំពាន Hun Sen Cup 2017 ប្រាក់ មុន្នីឧត្តម ធ្វើតេស្ដជាប់ជាមួយក្រុម តាមប្រភពខាងលើពិតមែន ឧត្តម នឹងក្លាយជាកីឡាករកម្ពុជាទី៤ ដែលបានលេងនៅលីគកំពូលម៉ាឡេស៊ីឆ្នាំនេះ ខណៈកីឡាករកម្ពុជា ៣រូបនេះ បាននឹងកំពុងលេងនៅទីនោះស្រាប់ រួមមានកីឡាករ ចាន់ វឌ្ឍនាកា លេងឲ្យក្លឹបជើងឯករង Pahang FA, កីឡាករ កែវ សុខផេង លេងឲ្យក្លឹប PKNP FC និងកីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន លេងឲ្យក្លឹប Terengganu FC ៕