(រតនគិរី)៖ ផ្លូវកៅស៊ូប្រភេទ DBST មួយខ្សែប្រវែង ១៥០០ម៉ែត្រ ឆ្ពោះទៅកាន់រមណីយដ្ឋានទឹកធ្លាក់កាចាញ សាងសង់សម្រេចបានប្រមាណ ៩០ភាគរយហើយ។ ផ្លូវមួយខ្សែនេះ នឹងរួមចំណែកជួយទាក់ទាញភ្ញៀវទេសចរឲ្យទៅលេងកម្សាន្តនៅតំបន់នេះកាន់តែច្រើនថែមទៀត។

នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី អមដំណើរដោយអភិបាលក្រុង មន្ទីរជំនាញ លោកចៅសង្កាត់ បានចុះពិនិត្យ និងជំរុញការងារស្ថាបនាផ្លូវកៅស៊ូមួយខ្សែនេះ។

ក្នុងឱកាសនៃការចុះពិនិត្យការងារសាងសង់ផ្លូវនេះលោកអភិបាលខេត្ត ណែនាំឲ្យក្រុមហ៊ុនម៉ៅការសាងសង់ធ្វើយ៉ាងណាអនុវត្តន៍ឲ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ដើម្បីធានាដល់និរន្តរភាពប្រើប្រាស់បានយូរអង្វែងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និង ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិឆ្ពោះទៅកាន់រមណីដ្ឋានទេសចរណ៍ធម្មជាតិ។

លោកអភិបាលខេត្ត បានស្នើឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះពិនិត្យ និងលើកគម្រោងសាងសង់ឲ្យបានឆាប់រហ័ស ដោយតភ្ជាប់ចំណុចនៅសេសសល់ប្រមាណ ១,១០០ម៉ែត្រឲ្យបានដល់តំបន់ទឹកធ្លាក់កាចាញ។ ដូច្នេះប្រជាពលរដ្ឋនៅសង្កលាត់កាចាញ នឹងមានផ្លូវកៅស៊ូសម្រាប់ធ្វើដំណើរលែងហ៊ុយទៀតហើយ នាពេលដ៏ខ្លីខាងមុខ។

លោកអភិបាលខេត្ត ក៏បានអញ្ជើញចុះពិនិត្យផ្ទាល់នៅសហគមន៍ដែលគ្រប់គ្រងតំបន់រមណីដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់កាចាញ និងទឹកធ្លាក់ការទៀង។

លោក ថង សាវុន បានណែនាំសហគមន៍ទាំងពីរត្រូវធ្វើការកែលម្អរនូវរមណីដ្ឋានរបស់ខ្លួនឲ្យមានសោភណ្ឌភាព ភាពទាក់ទាញ ត្រូវមានគំនិតកែច្នៃថ្មីៗ និងការបម្រើសេវាកម្មឲ្យបានល្អជូនដល់ភ្ញៀវ ហើយសហគមន៍ត្រូវតែស្តាប់តាមការណែនាំរបស់អាជ្ញាធរជំនាញ ទោះបីជាសហគមន៍មានសិទ្ធិគ្រប់គ្រងលើតំបន់ទេសចរណ៍នេះក្តី ប៉ុន្តែអាជ្ញាធរមានសិទ្ធិក្នុងការណែនាំ និងមានសិទ្ធិស្នើសុំដកហូតក្នុងករណីសហគមន៍មិនយកចិត្តទុកដាក់អនុវត្តតាម។

ដោយឡែកផ្លូវចាប់ពីសង្កាត់កាចាញឆ្ពោះទៅកាន់តំបន់រមណីដ្ឋានទឹកធ្លាក់កាទៀង ដោយសង្កេតឃើញស្ថានភាពលំបាកធ្វើដំណើរលោក អភិបាលខេត្ត បញ្ជាឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជួសជុលឡើងវិញ តាមរយៈនៃការកៀរគរថវិកាផ្ទាល់របស់អភិបាលខេត្ត និងមានការចូលរួមបដិភាគពីមន្ទីរ សហគមន៍ និងសប្បុរសជននានា ដោយស្ថាបនាជាផ្លូវក្រាលគ្រួសក្រហម ឲ្យបានរួចរាល់មុនឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ សម្រាប់ឲ្យភ្ញៀវទេសចរមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ទឹកធ្លាក់ការទៀង។

លោកអភិបាលខេត្ត ក៏បានអំពាវនាវឲ្យសហគមន៍ ប្រជាពលរដ្ឋ ត្រូវមានស្មារតីចូលរួមថែរក្សាផ្លូវដែលមានស្រាប់ឲ្យបានស្ថិតស្ថេរយូរអង្វែងជាប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕