(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រី និងអាជ្ញាធរមូលដ្ឋាន ចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងសហគមន៍ក្រីក្រអូអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ និងបានណែនាំឲ្យមន្ត្រីមូលដ្ឋាន យកចិត្តទុកដាក់ក្នុងការបំរើសេវា ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង។

ខណៈសំណេះសំណាលជាមួយមេភូមិ មេសហគមន៍ចៅសង្កាត់ និងខណ្ឌ, លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមជាមន្ត្រីត្រូវធ្វើអំពើល្អ ជាមួយប្រជាជនឲ្យបានច្រើនជាងនិយាយ ហើយត្រូវចុះជួយសហគមន៍ក្រីក្រថា តើពួកគាត់ចង់បានអ្វី ឲ្យយើងជួយពួកគាត់។

លោកបន្ដថា ប្រធានសហគមន៍ ចៅសង្កាត់ ក្រុមប្រឹក្សា មេភូមិត្រូវប្រើសំដីសំដៅឲ្យល្អ ជាមួយប្រជាពលរដ្ឋ យកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ ពិសេសការផ្តល់សេវា ជូនគាត់ឲ្យបានលឿន។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «ការបំរើប្រជាជនប្រៀបបាននឹងការដាំបាយអីចឹងដែរ ដោយចាប់ផ្តើមដាំរហូតបានឆ្អិន មិនមែនជត់បាយហើយទុកចោលនោះទេ។ កុំធ្វើអ្វីឲ្យខុសពីច្បាប់ កុំយកលុយគេ ជាថ្នូរនឹងការបំរើសេវា ប្រយ័ត្នមានទោសទណ្ឌ ខណៈដែលគេប្តឹង»

លោក ឃួង ស្រេង ក៏ជំរុញឲ្យមានការលះបង់រួមគ្នា ដើម្បីបំរើផលប្រយោជន៍ ជូនប្រជាពលរដ្ឋឲ្យរីកធំធាត់។ នៅសង្កាត់គោករការនេះ មានមណ្ឌលសុខភាព ហើយមានទាំងរថយន្ត សង្គ្រោះបន្ទាន់ និងមានផ្លូវល្អ ទៀតវាមិនមានបញ្ហាទេ សំខាន់បំរើប្រជាពលរដ្ឋបានលឿន ឬអត់។

លោកបានបន្ថែមទៀតថា ចំពោះផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋ ត្រូវរួមគ្នាសិក្សាឲ្យបានច្បាស់ ដើម្បីកាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ហើយបើការងារនោះ ថ្នាក់សង្កាត់ខណ្ឌ ដោះស្រាយមិនបាន ត្រូវរាយការណ៍មកក្រុង ដើម្បីឲ្យក្រុងដោះស្រាយបន្ត មិនត្រូវទុកការខ្វល់ខ្វាយរបស់ប្រជាជនចោលនោះទេ។

លោកអភិបាល បានឲ្យដឹងផងដែរថា «បញ្ហាទឹក លោកមានគម្រោងទិញទឹកពីរដ្ឋាករ ដោយលោកនឹងប្រគល់ជូនរថយន្តដើម្បីដឹកទឹក លក់ដូនប្រជាជនក្នុងតម្លៃមួយ ដែលអាចឲ្យពួកគាត់ ទទួលយកបាន សំខាន់ឲ្យតែអ្នកកាន់រថយន្តដឹកទឹកនេះ អាចដោះស្រាយកម្លាំងពលកម្មប្រេង និងរថយន្តបានពេលរថយន្តខូចបង់»

ក្រោយពីបញ្ចប់ការសំណេះសំណាល លោក ឃួង ស្រេង បានបន្តការចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងសហគមន៍ក្រីក្រ អូអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅបន្តទៀត ដើម្បីចង់ដឹងពីការលំបាក របស់ប្រជាពលរដ្ឋក្នុងសហគមន៍មួយនេះ និងបានចែកជាថ្នាំពេទ្យ ឲ្យប្រជាពលរដ្ឋក្នុងសហគមន៍នេះផងដែរ៕