(ព្រះសីហនុ)៖ ការតវ៉ាទាមទាររបស់ក្រុមកម្មករ-កម្មការិនីនៅរោងចក្រ New Star ឃ្លាំងលើរាប់ពាន់ នៅក្រុង-ខេត្តព្រះសីហនុ រហូតនាំគ្នាចុះផ្លូវដោយបិតជិតតែម្តង កាលពីក្បាលព្រលប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នោះ នៅរសៀលថ្ងៃទី២៧ ខែមករានេះ បានដោះស្រាយបញ្ចប់ហើយ ដោយកម្មករ-កម្មការិនីទាំងអស់ ចូលបម្រើការងារដូចធម្មតាវិញ។ នេះបើតាមការបញ្ជាក់របស់ លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រាប់បណ្តាញព័ត៌មាន Fresh News។

នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន​ បានដឹកនាំមន្រ្តីជំនាញមន្ទីរការងារជាមួយភាគីរោងចក្រ ចុះទៅធ្វើការសម្របសម្រួលជាមួយក្រុមកម្មករ រហូតដោះស្រាយបញ្ចប់ តាមរយៈខាងភាគីរោងចក្រយល់ព្រម បើកប្រាក់បំណាច់ឆ្នាំ២០១៧ចំនួន៥ភាគរយ ព្រមទាំងប្រាក់បំណាច់ឆ្នាំ២០១៦ និង២០១៥ ជូនដល់ក្រុមកម្ម​ករទៀតផង នៅពេលខាងមុខ។

លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ ដែលបានចូលរួមដោះស្រាយផងដែរនោះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា «ការផ្សះផ្សាបានទទួលបានលទ្ធផលហើយ ដោយក្រុមការងារកំពុងធ្វើកំណត់ហេតុរួមមាន៖ ទី១- ក្រុមហ៊ុននឹងទូរទាត់ប្រាក់បំណាច់៥% សម្រាប់ឆ្នាំ២០១៧។ ក្រុមហ៊ុននឹងបើកជូនបងប្អូនកម្មករ និយោជិតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨, ទី២- ដោយឡែក ប្រាក់បំបំណាច់៥%សម្រាប់ឆ្នាំ២០១៦ ក្រុមហ៊ុននឹងបើកជូនក្នុអំឡុងខែមករា ឆ្នាំ២០១៩, ទី៣-ប្រាក់បំណាច់៥% សម្រាប់ឆ្នាំ២០១៥ និងឆ្នាំបន្តបន្ទាប់ក្រុមហ៊ុន នឹងបើកជូនក្នុងមួយឆ្នាំម្តង។ ក្នុងករណីផលិតភាពមានការកើនឡើង ក្រុមហ៊ុនមានប្រាក់ចំណេញច្រើន ក្រុមហ៊ុននឹងបើកជូនក្នុងមួយឆ្នាំពីរលើក»

បើតាមលោក យ៉ូវ ខេមរា មូលហេតុនៃការស្នើសុំទូរទាត់ប្រាក់បំណាច់៥%នេះ គឺតាមការសន្យារបស់និយោជកខ្លួនឯង ក្នុងកិច្ចប្រជុំប្រចាំខែអំឡុង ខែតុលា ឆ្នាំ២០១៧។ តែក្រោយមក ក្រុមហ៊ុនចេះតែពន្យាពេល មិនព្រមអនុវត្តតាមកិច្ចសន្យា ហើយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ម្សិលមិញ វេលាម៉ោង១៖៣០នាទីរសៀល មានកិច្ចប្រជុំមួយជាមួយប្រធានក្រុម និងតំណាងកម្មករ បានពិភាក្សាពីការអនុវត្តកិច្ចសន្យាប្រាក់បំណាច់៥%បន្តទៀត តែក្រុមហ៊ុនមិនព្រមឆ្លើយឲ្យបានច្បាស់លាស់តាមការសន្យា ហេតុនេះម៉ោង៥៖៤០នាទីលា្ងច ក៏មានការកូដកម្មបិតផ្លូវបែបនេះ។

ជាមួយគ្នានេះ មន្ទីរការងារខេត្តព្រះសីហនុ ក៏បានសំណូមពរឲ្យបង្កើតគណៈកម្មការមួយ ដើម្បីស្រាវជ្រាវវែកមុខអ្នកញុះញ៉ង់ឲ្យមានការបិតផ្លូវ ដើម្បីមានវិធានការតាមច្បាប់ផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមវេលាម៉ោងជិត៨យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ក្រុមកម្មកររាប់ពាន់នាក់នៅរោងចក្រ New Star ខេត្តព្រះសីហនុ ទើបបានបើកផ្លូវវិញ ក្រោយខាងមន្ទីរការងារបានទៅប្រកាសពីការរកដំណោះស្រាយជូន។ នេះបើតាមការបញ្ជាក់ពីស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News។

បើតាមលោកឧត្តមសេនីយ៍ស្នងការ «បងប្អូនកម្មករ បានបើកផ្លូវជាតិវិញហើយ ដោយអាចធ្វើចរាចរណ៍វិញបាន ដោយពួកគេរង់ចាំការដោះស្រាយ ជាមួយមន្រ្តីមន្ទីរការងារ និងអាជ្ញាធរ»

សូមបញ្ជាក់ថា ក្រុមកម្មកររាប់ពាន់នាក់ បានផ្ទុះការតវ៉ាបិតផ្លូវជាតិលេខ៤ មិនឲ្យយានយន្តចរាចរណ៍ឆ្លងកាត់នោះទេ ដោយសាររឿងទាមទារ បើកលុយ៥ភាគរយកាលពីអាទិត្យមុន។ ការនាំគ្នាបិតផ្លូវជាតិខាងលើនេះ បានបណ្តាលឲ្យជាប់គាំងរថយន្តអ្នកដំណើរមិនតិចគ្រឿងនោះទេ ទាំងការធ្វើដំណើរចូលក្រុងព្រះសីហនុ និងចេញពីក្រុងមកវិញ៕