(កោះកុង)៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ប៉ុស្តិ៍នគរបាលរដ្ឋបាលកោះកាពិ ស្រុកកោះកុង បានទទួលព័ត៌មានពីប្រជាពលរដ្ឋដាក់ក្តាម បានរាយការណ៍ថា បានប្រទះឃើញសាកសពចងកម្នាក់ ក្នុងសភាពរលេះរលួយមើលមិនស្គាល់ ក្នុងព្រៃកោងកាង លើចំណុចកោះបារាំង ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង។

ក្រោយទទួលបានព័ត៌មានហើយ ប៉ុស្តិ៍រដ្ឋបាលកោះកាពិ និងប៉ុស្តិ៍ជ្រោយប្រស់ បានសហការជាមួយមេភូមិ និងប៉ុស្តិ៍សុខភាពជ្រោយប្រស់ ចុះទៅកាន់ទីតាំងកើតហេតុ។

យោងតាមការពិនិត្យ និងការអះអាងពីប្រជាពលរដ្ឋម្នាក់ឈ្មោះ នួន សំបូរ មានទីលំនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង បានឲ្យដឹងថា សាកសពចងកខាងលើ ជាកូនរបស់គាត់ មានឈ្មោះ នេត ប៊ុនណា អាយុ២៣ឆ្នាំ បានបាត់ខ្លួនចេញពីផ្ទះប្រហែលកន្លះខែមកហើយ ដោយសារតែខឹងគាត់ស្តីបន្ទោសឲ្យ មូលហេតុដែលហ៊ានអះអាងថាជាកូន ដោយសារចំណាំសម្លៀកបំពាក់របស់សពមុនពេលបាត់ខ្លួន។

បច្ចុប្បន្នសាកសព ត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីសាសនា ក្រោយពេលដែលកម្លាំងជំនាញធ្វើកោសលវិច័យរួច៕