(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសចាត់វិធានការតាមច្បាប់ពៅលើលោក រឿង សំអាន ហៅ ពៅ ដែលគេដឹងថា ជាម្ចាស់រណ្តៅដ៏ធំម្នាក់ប្រចំាស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធការប្រមាថមាក់ងាយទៅលើមន្រ្តីអធិការកិច្ចក្រសួង ដោយលោក រឿង សំអាន បានចោទប្រកាន់ក្រុមមន្រ្តីទាំងនោះ ទៅរកលុយរកកាក់ពីលោក។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០១៨នេះ។

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា «លោក​ រឿង សំអាន ហៅ ពៅ បានប្រមាថមាក់ងាយទៅលើមន្រ្តីអធិការកិច្ចរបស់ក្រសួងរ៉ែ និងថាមពល គឺជាការប្រមាថ និងបរិហាកេរ្តិ៍យ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរជាអ្នករាជការ ហើយមិនអាចទទួលយក និងអត់ឱនឲ្យបានជាដាច់ខាត។ ដូច្នេះក្រសួងរ៉ែ និងថាមពលនឹងចាត់វិធានការ ដាក់ពាក្យបណ្តឹងលើបុគ្គលនេះ ពីបទជេរប្រមាថ និងបរិហាកេរ្តិ៍ជាសាធារណៈ»

មូលហេតុដែលនាំឲ្យមានការប្រកាសចាត់វិធានការបែបនេះ ទៅលើឈ្មួញរណ្តៅដីដ៏ធំម្នាក់នេះ គឺផ្តើមចេញពីលោក រឿង សំអាន​ ហៅ ពៅ បានរងការចោទថា លោកបានបាញ់អស់មួយបង់ ដើម្បីបន្លាចដល់ក្រុមអធិការកិច្ចរបស់ក្រសួង ពេលកំពុងចុះទៅត្រួតពិនិត្យមើលលក្ខណៈបច្ចេកទេស នៅតាមរណ្តៅដីទាំងនោះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ នៅពេលមានហេតុការណ៍ខាងលើនេះ មានសារព័ត៌មានជាច្រើន បានចុះផ្សាយជាបន្តបន្ទាប់ ដោយអះអាងថា ឈ្មោះពៅនេះ បានបាញ់ជាច្រើនគ្រាប់ ដោយមិនខ្លាច ច្បាប់នោះទេ។

ទន្ទឹមគ្នានោះ ក៏មានអ្នកយកព័ត៌មានបានទូរស័ព្ទសម្ភាសន៍លោក ពៅ ផងដែរ ហើយលោកបានឆ្លើយតបដោយចោទប្រកាន់ទៅលើក្រុមមន្រ្តីរបស់ក្រសួងរ៉ែ និងថាមពល ទៅទារថ្លៃបាយលោក ហើយលោកក៏បានគេចមុខមិនជួបផងដែរ។ ការផ្តល់កិច្ចសម្ភាសន៍័បែបនេះហើយ ទើបក្រសួងរ៉ែ និងថាមពលប្រកាសដាក់ពាក្យបណ្តឹងតែម្តង។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងរ៉ែបានបញ្ជាក់ផងដែរថា «ដោយពិនិត្យឃើញថា សកម្មភាពប្រតិបត្តិការអាជីវកម្មនៅក្នុងការដ្ឋានខាងលើ មានលក្ខណៈខុសបច្ចេកទេស និងមិនអនុលោម តាមអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ ក្រុមអធិការកិច្ចក៏បានធ្វើកំណត់ហេតុផ្អាកសកម្មភាពរណ្តៅដីខាងលើជាបណ្តោះអាសន្ន និងបានបញ្ចប់បេសកកម្មក្នុងស្ថានភាពធម្មតា ដោយពុំបានឮសំឡេងសូរ ស្នូរកាំភ្លើង ឬការផ្ទុះអាវុធណាមួយដូចការរៀបរាប់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាននោះឡើយ»

យោងតាមរបាយការណ៍របស់អាវុធហត្ថ ខេត្តកណ្តាល បានបង្ហាញថា អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត ឧត្តមសេនីយ៍ត្រី សម តុលា នៅវេលាម៉ោង១១៖៤០នាទី ថ្ងៃ១៩ ខែមករា ឆ្នាំ២០១៨ កម្លាំងជំនាញខេត្ត និងស្រុកបានចុះស្រាវជ្រាវករណីផ្ទុះអាវុធខាងលើ ដោយបានចុះទៅផ្ទាល់ដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ទីកន្លែងកើតហេតុមានការប្រែប្រួល។ ចំណុចកើតហេតុជាម្ចាស់កម្មសិទ្ធគ្រប់គ្រងដោយឈ្មោះរឿង សំអាន ហៅ ពៅ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអាជីវករ ទីលំនៅលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

តាមការបំភ្លឺរបស់ឈ្មោះ លី ចាន់សុខុម ដែលនៅកន្លែងកើតហេតុ រូបគេមានរថយន្តស៊ីឈ្នួលដឹកដីមួយគ្រឿងពីឈ្មោះ ពៅ។ នៅវេលាម៉ោង១៥៖០០នាទី គាត់បានឮសូរសម្លេងផ្ទះអាវុធជាច្រើនគ្រាប់ នៅចំណុចខ្ចុះ (រោងចាំរណ្តៅដី) ហើយក៏មិនបានដឹងថា អ្នកណាបាញ់ទេ។ លុះដល់ម៉ោង១៦៖០០នាទី គាត់ក៏បានឃើញរថយន្តមួយគ្រឿង មិនស្គាល់ម៉ាកជិះចូលមកដល់ រណ្តៅដីដោយមានគ្នាចំនួន០៧នាក់ បានតាំងខ្លួនថា ជាមន្ត្រីរ៉ែ និងថាមពលក្រសួង ហើយបានសួរលោកថា លោក ពៅ ទៅណា ហើយអ្នកណាមេការទីនោះ គាត់ឆ្លើយថា គាត់អត់ដឹងទេ។ បន្ទាបមកទៀត មន្ត្រីរ៉ែទាំងនោះបាននិយាយថា ឥឡូវនេះពួកគាត់សូមវាស់វែង រណ្តៅដីទាំងនេះហើយ លោកឯងជួយប្រាប់លោក ពៅ ឲ្យទៅជួបខ្ញុំ នៅក្រសួងរ៉ែ និងថាមពលនៅថ្ងៃច័ន្ទ។

ចំពោះឈ្មោះ រឿង សំអាន ហៅ ពៅ បានគេចខ្លួនពុំអាចធ្វើការបំភ្លឺបានទេ។ ដោយឡែក មន្ត្រីភូមិបាលស្រុកស្អាង បានអះអាងថា រាល់ការចុះមករណ្តៅដីរបស់មន្ត្រីក្រសួងរ៉ែ និងថាមពល គឺពួកគាត់ពុំបានជូនដំណឹង និងបានសុំការសហការទេ ក្នុងនោះមន្ត្រីភូមិបាលស្រុក បានបញ្ជាក់អះអាងទៀតថា រណ្តៅដីចំណុចភូមិឃុំខាងលើ ដែលលោក ពៅ ធ្វើអាជីវកម្ម គឺមានច្បាប់ត្រឹមត្រូវ។ ដោយឡែកមន្ត្រីរ៉ែនិងថាមពលទាំង០៧នាករូបនោះពុំស្គាល់អត្តសញ្ញាណឡើយ ហើយត្រលប់ទៅវិញអស់ ដោយពុំបានផ្ដល់ការបំភ្លឺដល់សមត្ថកិច្ចឡើយ។

ជាការសន្និដ្ឋាន យោងការបំភ្លឺរបស់ឈ្មោះ លី ចាន់សុខុម។ ការចុះពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ វត្ថុតាង (សំបក់គ្រាប់ចំនួន២០គ្រាប់) បន្សល់ទុកនៅកន្លែងកើតហេតុចាប់យករក្សាទុកនៅ នគរបាលស្រុកសូមសន្និដ្ឋានថា ពិតជាមានផ្ទុះអាវុធមែន ចំពោះអ្នកបង្កផ្ទុះអាវុធនេះជំនាញមិនទាន់កំណត់បាន។ ដោយឡែក ចំពោះការផ្ទុះនេះ គឺបានផ្ទុះមុនរយៈពេល១ម៉ោង មុនពេលមន្ត្រីរ៉ែ និងថាមពលនោះទៅដល់។

ជាមួយគ្នានេះ កាលពីនៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ក្រោយបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល កម្លាំងនគរបាលស្រុកស្អាង បានហៅមេការ ប្រចាំនៅរណ្ដៅដីឈ្មោះ ពៅ ទៅសួរនាំពាក់ព័ន្ធការបាញ់បោះយ៉ាងអនាធិបតេយ្យ ពីសំណាក់ថៅកែរណ្ដៅដីមួយនេះ។ អធិការនគរបាលស្រុកស្អាង លោក សេង សុជាតិ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេតកណ្ដាលឲ្យដឹងថា មេការដែលកម្លាំងនគរបាលហៅទៅសួរនាំនោះ ឈ្មោះ លី ចាន់សុក្ខំ អាយុ៣០ឆ្នាំ រស់នៅភូមិដីថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ប៉ុន្ដែមេការរូបនេះ បានព្យាយាមឆ្លើយបង្វែរដាន បើទោះសមត្ថកិច្ចនាំយ៉ាងណាក៏ដោយ។

លោក សេង សុជាតិ បញ្ជាក់ថា ការឆ្លើយបំភ្លឺ​របស់មេការ ប្រសិនបើឆ្លើយបំភ្លឺបង្វែរឿងពិតនោះ ប៉ុន្តែបើសិនជានគរបាលធ្វើការស្រាវជ្រាវរកឃើញថា ឈ្មោះជាអ្នកប្រព្រឹត្តិបាញ់រហូតដល់២០គ្រាប់នោះ ឈ្មោះ លី ចាន់សុក្ខំ នេះគឺត្រូវជាប់ទោស ពីបទលាក់បំបាំងការពិត ត្រូវទទួលទោសតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ស្នងការ បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនោះថា «ក្រោយទទួលបានព័ត៌មាននេះភ្លាម និងដោយមានការបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ និងនគរបាលមូលដ្ឋាន​ ចុះទៅសួរនាំ ស៊ើបអង្កេត និងចាត់វិធានការចំពោះករណីនេះហើយ»។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្នូរកាំភ្លើងជាច្រើនគ្រាប់ បានលាន់យ៉ាងខ្លាំងៗ ចេញពីទីតាំងកន្លែងរណ្តៅអត់ច្បាប់ ស្ថិតនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល នៅចំពីខាងក្រោយបន្ទាយសឹករងខេត្តតែម្តង ដែលសមត្ថកិច្ចមូលដ្ឋានខ្លះ និងសេចក្តីរាយការណ៍ខ្លះបានអះអាងថា ជនបង្កឈ្មោះ ពៅ ជាម្ចាស់រណ្តៅដីអត់ច្បាប់។ ជនសង្ស័យបានដកកាំភ្លើងខ្លីបាញ់ភ្ជុជទៅក្នុងរណ្តៅដី អស់ចំនួន១បង់។

មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានលួចបង្ហើបថា ឈ្មោះ ពៅ ជាថៅកែរណ្តៅដីជើងខ្លាំង មិនត្រឹមព្រហើនបាញ់អស់មួយបង់ រារាំង និងបាញ់គម្រាមមន្ត្រីរាជការសាធារណៈនោះទេ រូបគេថែមទាំងមានកាំភ្លើង៣ដើម មិនដឹងថា មានលិខិតអនុញ្ញាត ឬយ៉ាងណានោះឡើយ។

បើតាមប្រជាពលរដ្ឋរស់នៅតំបន់នោះ ក៏បានលួចបង្ហើបផងដែរ ជននេះតែងតែបាញ់បោះអនាធិបតេយ្យជាច្រើនលើកផងដែរ ប៉ុន្តែមិនដែលជាប់ខ្នោះរបស់សមត្ថកិច្ចនោះទេ៕