(ភ្នំពេញ)៖ កម្ពុជាបានដាក់​សម្ពោធម៉ាកវិញ្ញាតកម្មអង្ករជាតិ ដែលមានឈ្មោះថា «ម្លិះអង្គរ» ជាផ្លូវការហើយ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពី​មានការបង្កើតរយៈពេលពីរឆ្នាំកន្លងមក។

ការសម្ពោធម៉ាកសញ្ញាវិញ្ញាតកម្មអង្ករនេះ បានសបញ្ជាក់ពីភាពជោគជ័យ លើវិស័យស្រូវ​អង្ករកម្ពុជា ខណៈ​អ្នកជំនាញវិស័យស្រូវអង្ករ បានបង្ហាញពីភាពវិជ្ជាមាន នៃការបង្កើតម៉ាកអង្ករថ្មីមួយនេះ។

ថ្លែងក្នុងការសម្ពោធម៉ាកអង្ករ «ម្លិះអង្គរ» នាព្រឹកថ្ងៃទី​២២ ខែមករា ឆ្នាំ២០១៨នេះ លោក សុខ ពុទ្ធិវុធ ប្រធាន​សហព័ន្ធស្រូវអង្ករកម្ពុជា បានលើក​ឡើងថា «ការសម្ពោធម៉ាកសញ្ញាថ្មីនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសំរួចទៅលើទីផ្សារ ក្នុងន័យឲ្យមានការស្គាល់អង្ករខ្មែរច្រើនថែមទៀត កន្លងមកក្រុមហ៊ុននីមួយៗមានស្លាកសញ្ញារៀងៗខ្លួន ប៉ុន្ដែលើកនេះសហព័ន្ធស្រូវអង្ករ នឹងមានស្លាកសញ្ញាមួយថ្មីទៀតដែរ ដើម្បីផ្សារភ្ជាប់ទៅនឹង ស្លាកសញ្ញា​របស់ក្រុមហ៊ុនផ្សេងៗ ដែលបញ្ជាក់ទៅលើគុណភាព និងបង្ហាញថាអង្ករនេះមកពីខ្មែរ មានគុណភាពខ្ពស់ និងជា​អង្ករ​ក្រអូប​ របស់កម្ពុជាពិតប្រាកដ»

លោកបានថ្លែងបន្ដថា ម៉ាកសញ្ញាថ្មីនេះ នឹងជួយជម្រុញក្នុងការនាំចេញ ប៉ុន្ដែសម្រាប់ការកើនប៉ុន្មានៗនោះអាស្រ័យទៅលើ ការសហការរវាងទីផ្សារថាតើពួកគេជឿទៅលើទីផ្សាររបស់កម្ពុជាកម្រិតណា....សម្រាប់ការសម្ពោធម៉ាកសញ្ញាថ្មីនេះ ក៏ជាការបង្ហាញភាពជោគជ័យថ្មីមួយទៀត ទៅដល់ទីផ្សារអន្ដរជាតិ​ផងដែរ។

លោកបានបញ្ជាក់ទៀតថា «សម្រាប់ឆ្នាំ២០១៨នេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងផ្ដោតគោដៅថ្មីទៅលើផ្ទៃក្នុងរបស់កម្ពុជាផ្ទាល់ ជាពិសេសជាងនេះ​ទៀតនោះ គឺផ្ដោតទៅលើ កសិករ និងដីស្រែចំការ ដើម្បីធ្វើយ៉ាងណាពង្រឹងការដាំដុះ»

សូមបញ្ជាក់ថា ស្លាកសញ្ញាអង្ករថ្មីនេះ «ម្លិះអង្គរ» ​បានបង្កើតឡើងអស់រយៈពេលពីរឆ្នាំមកហើយ ដែលបានចំណាយពេលវេលា និងថវិកាជាច្រើន និងបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងថ្ងៃនេះផងដែរ៕