(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ស្ថាប័នសារព័ត៌មានទាំងរដ្ឋ និងឯកជន ដែលត្រូវបានគេចាត់ទុកថាជាអំណាចកំពូលមួយ ដូចទៅនឹងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការដែរនោះ ត្រូវស្វះស្វែងតាមប្រមាញ់ផ្ដិតយករូបភាព និងសកម្មភាពរបស់ស្ថាប័នរដ្ឋឲ្យបានត្រឹមត្រូវ ហើយត្រូវចេះពាំនាំទុក្ខលំបាករបស់ប្រជាពលរដ្ឋ មកផ្សព្វផ្សាយប្រាប់ស្ថាប័នរដ្ឋវិញ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធទាំងនោះ ចាត់វិធានការដោះស្រាយទាន់ពេលវេលា។

សម្ដេចតេជោ ហ៊ុន សែន បានស្នើយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ជាមួយអ្នកសារព័ត៌មានជាង៣ពាន់នាក់ នៅសាលពិព័រណ៍កោះពេជ្រ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន នាឱកាសដ៏ឱឡារឹកនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់អ្នកសារព័ត៌មានទាំងអស់ មិនថាសារព័ត៌មានរដ្ឋ ឬឯកជននោះទេ ត្រូវធ្វើយ៉ាងណាប្រឹងប្រែងស្វះស្វែងតាមប្រមាញ់រកព័ត៌មានដោយខ្លួនឯង និងត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ទើបក្លាយជាអ្នកសារព័ត៌មានចំណាន។

ដោយសារកន្លងមក ចេះតែមានសារព័ត៌មានមួយចំនួនផ្សព្វផ្សាយមិនអាចទទួលបានផងនោះ ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏បានស្នើដល់សារព័ត៌មាននូវសំណូមពរមួយចំនួន រួមមាន៖

ទី១៖ សម្ដេចតេជោ ចង់បានស្ថាប័នព័ត៌មានទាំងរដ្ឋ និងឯកជន ត្រូវបំពេញឲ្យបាននូវតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងនូវស្ថានភាពពិតប្រាកដក្នុងសង្គម ដាច់ខាតសារព័ត៌មានមិនត្រូវក្លាយជាកញ្ចក់បែកនោះឡើយ ព្រោះវាអាចជះឥទ្ធិពឡដ៏អាក្រក់ចំពោះសង្គមកម្ពុជា ដូច្នេះទាំងសារព័ត៌មានរដ្ឋ និងឯកជនត្រូវមានតម្លាភាព ដើម្បីធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងជាមួយគ្នា។

ទី២៖ សម្ដេចចង់បានព័ត៌មានមួយដែលជួយផ្ដល់ព័ត៌មានពីស្ថាប័នរដ្ឋទៅឲ្យប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកស្ថាប័នរដ្ឋវិញ ពោលសារព័ត៌មាន និងស្ថាប័នរដ្ឋត្រូវជួយគ្នាទៅវិញទៅមក ដើម្បីជួយជ្រោមជ្រែងសង្គមកម្ពុជាមួយនេះឲ្យកាន់តែរីកចម្រើន។ សម្ដេចបានបញ្ជាក់ថា សារព័ត៌មានមានសារសំខាន់ខ្លាំងណាស់ រវាងគោលនយោបាយរបស់រដ្ឋជាមួយប្រជាពលរដ្ឋ ដូច្នេះសម្ដេចបានស្នើឲ្យស្ថាប័នព័ត៌មាន និងស្ថាប័នរដ្ឋ ជួយបំពេញគ្នាទៅវិញទៅមក តាមរយៈការបញ្ជូនសារទាក់ទងទៅនឹងក្របខណ្ឌគោលនយោបាយរបស់រដ្ឋទៅដល់ប្រជាពលរដ្ឋ ហើយនាំទុក្ខកង្វល់របស់ប្រជាពលរដ្ឋប្រាប់មកស្ថាប័នរដ្ឋវិញ ដោយឆ្លុះបញ្ចាំងការពិតជាក់ស្ដែង។

ទី៣៖ សម្ដេចតេជោចង់បានព័ត៌មានចេះជួយរិះគន់ក្នុងន័យស្ថាបនា ចេះជួយតាមពិនិត្យការអនុវត្តរបស់ស្ថាប័នរដ្ឋ ដោយប្រៀបធៀបជាមួយនឹងនយោបាយ ឬកម្មវិធីដែលបានដាក់ចេញ ព្រោះនេះជាចំណុចមិនអាចខ្លះបាននៅក្នុងសង្គមប្រជាធិបតេយ្យ។

ទី៤៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចង់បានស្ថាប័នព័ត៌មាន ដែលមានលទ្ធភាពចូលរួមវិភាគយុទ្ធសាស្ត្រនយោបាយ ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ សម្ដេចតេជោបានលើកឡើងថា កុំឲ្យសារព័ត៌មានអន្តរជាតិសរសេរពីកម្ពុជា អ្នកសារព័ត៌មានកម្ពុជាគួរតែសរសេរពីអន្តរជាតិវិញម្ដង។

សម្ដេចបានបញ្ជាក់ថា គ្រប់មជ្ឈដ្ឋានទាំងអស់ត្រូវគោរពសេរីភាពនៃសារព័ត៌មាន ប៉ុន្តែអ្នកសារព័ត៌មានខ្លួនឯង ក៏ត្រូវហ៊ានទទួលខុសត្រូវចំពោះការសរសេរ និងពាក្យសម្ដីរបស់ខ្លួនផងដែរ៕