(ភ្នំពេញ)៖ សមត្ថកិច្ចខណ្ឌ៧មករា បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ម្សិលមិញ លោកស្រីព្រះរាជអាជ្ញារង សុង ឆវ័ន្ត បានសម្រេចដោះលែងជនសង្ស័យម្នាក់ពាក់ព័ន្ធ រឿង រំលោភលើទំនុកចិត្ត ឱ្យត្រឡប់ទៅផ្ទះវិញ។

ជនសង្ស័យដែលត្រូវលោកស្រី សុង ឆវ័ន្ត ដោះលែងមានឈ្មោះ ឈឹម ហាក់ស៊ីម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាបុគ្គលិក ផ្នែកលក់របស់ក្រុមហ៊ុន KSLM មានទីលំនៅផ្ទះលេខ ៨E0 ផ្លូវលេខ៣ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវបានសម្ថកិច្ចខណ្ឌ៧មករា ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រុមហ៊ុន KSLM មានទីលំនៅផ្ទះលេខ ១៥E0 ផ្លូវលេខ១៩០ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ នន់ ប្រសើរ ជាប្រធានផ្នែកលក់របស់ក្រុមហ៊ុន KSLM ដោយចោទប្រកាន់ជនសង្ស័យថា បាន យកសម្ភាររបស់ក្រុមហ៊ុនទៅលក់ កិបកេងមិនព្រមបង្វិលលុយចូលក្រុមហ៊ុនវិញ ចំនួន១៦,០៦៥ដុល្លារ។

ក្រោយឃាត់ខ្លួន សមយត្ថកិច្ចខណ្ឌ៧មករា បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី តែចុងក្រោយជនសង្ស័យត្រូវបាន លោកស្រីព្រះរាជអាជ្ញារង សុង ឆវ័ន្ត ដោះលែងឱ្យមានសេរីភាពវិញ។

យោងតាមមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌបានចែងថា បទរំលោភលើទំនុកចិត្ត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ៦លានរៀល ដោយមិនទាន់រាប់បញ្ចូលសំណងនៃការខូចខាត និងសំណងជំងឺចិត្តទៅដើមបណ្តឹង៕