(កណ្ដាល)​៖ លោក​ អ៊ី​ សុវណ្ណ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅល្ងាច​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៨​ បានសម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន ជនដៃដល់​ដែល​រឹត​ក​សម្លាប់​ស្ត្រី​ចំណាស់​ម្នាក់​នៅ​ស្រុក​អង្គស្នូល​។

មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល​ ថ្លែង​នៅ​ថ្ងៃទី​១៧​ ខែ​មករា​ ថា​ ជនដៃដល់​រូប​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ «ឃាតកម្ម​» ប្រព្រឹត្ត​នៅ​ភូមិ​គោល​ ឃុំទួល​ពេជ្រ​ ស្រុក​អង្គស្នូល​ កាលពី​ថ្ងៃទី​១១​ ខែ​មករា​ ឆ្នាំ​២០១៨​ តាម​មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​។

គួរ​បញ្ជាក់​ថា នគរបាលស្រុកអង្គស្នួល សហការជាមួយនគរបាលស្រុកខ្សាច់កណ្តាល និងកម្លាំងជំនាញខេត្តកណ្តាល ក្រោមការបញ្ជាការរបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត បានបំបែកសំណុំរឿង ឃាតកម្មគិតទុកជាមុន នៅស្រុកអង្គស្នូល ខេត្តកណ្តាល ដោយឃាត់ខ្លួនជនដៃដល់បានម្នាក់ នៅស្រុកខ្សាច់កណ្តាល។

អធិការនគរបាលស្រុកអង្គស្នួល លោក មាន សំណាង បានថ្លែងប្រាប់ភ្នាក់ព័ត៌មាន Fresh News ថា ករណីឃាតកម្មគិតទុកជាមុននេះ បានកើតឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣៖០០នាទី ស្ថិតនៅចំណុចគុម្ពោតព្រៃ នៅភូមិគោល ឃុំទួលពេជ្រ ស្រុកអង្គស្នូល ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ឃួន ឃឿន ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល។ ចំណែកជនដៃដល់ឈ្មោះ មុត ម៉ុន ភេទប្រុស អាយុ៣៣ឆ្នាំ ជាអតីតអ្នកប្រដាល់ឈ្មោះ ផុល ភាព មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំជាមួយជនរងគ្រោះ។ សម្ភារចាប់យករួមានទី១៖ ពូថៅចំនួន០១, ទី២៖ ស្បែកជើងជ័រសង្រែក១គូរ, ទី៣៖ មួកសំយ៉ាបរបស់ស្រីចំនួន១, និងទី៤៖ ក្រម៉ាក្រឡាការ៉ូចំនួន១ជារបស់ជនរងគ្រោះ។

មុនពេលកើតហេតុ ជនរងគ្រោះបានទៅផ្លាស់គោនៅវាលស្រែខាងជើងភូមិ ហើយបានឃើញជនល្មើស និងក្មេងៗ អាយុ១៤ទៅ១៥ឆ្នាំ កំពុងប្រើ ប្រាស់ថ្នាំញៀននៅក្នុង គម្ពោតព្រៃ។ ពេលនោះជនរងគ្រោះ បានស្រែកឡូឡាថាឲ្យ ចំណែកក្មេងបានរត់គេចចេញទៅមុនអស់ទើបជនល្មើស ខឹងបានឈានដល់វាយតប់ និងយកក្រម៉ារឹតកសម្លាប់ជនរងគ្រោះ ហើយអូសយកទៅលាក់ក្នុងគម្ពោតព្រៃ ដែលមានចម្ងាយពីកន្លែងកើតហេតុ ប្រហែល៤៥ម៉ែត្រ ក្រោយមកក៏គេចខ្លួនបាត់។

លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨វេលាម៉ោង១៥៖០៧នាទី តាមរយៈព័ត៌មានជំនាញ និងស្រុកតាមការស៊ើបអង្កេត មានតម្រុយថា មុខសញ្ញា បានគេចខ្លួន មកនៅផ្ទះប្អូននៅឃុំស្វាយជ្រុំ។ បន្ទាប់មកកម្លាំងជំនាញខេត្ត និងបានតាមស្វែងរក ជនល្មើសបានដឹងខ្លួនរត់គេច ចំណុចក្នុងគុម្ពោតព្រៃ ស្ថិតនៅភូមិស្វាយជ្រុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កម្លាំងសមត្ថកិច្ចនគរបាល ស្រុកអង្គស្នួល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកណ្តាល សហការជាមួយកម្លាំង នគរបាល ស្រុកខ្សាច់កណ្តាល បានធ្វើការស្វែងរកចាប់ខ្លួនជនល្មើស និងបាននាំខ្លួនមកកាន់អធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ដើម្បីបន្តនីតិវិធីច្បាប់។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះ តែម្នាក់ឯង ដោយកន្លងមកខ្លួន ខឹងជនរងគ្រោះ ដើរនិយាយពេញភូមិរឿងខ្លួន ជិះម៉ូតូបុកគេស្លាប់មិនព្រមសង ហើយជនល្មើសក៏ស្អប់ជនរងគ្រោះរឿងចេះធ្មប់ទៀតផង៕