(ភ្នំពេញ)៖ ទូហ្គេមប្រភេទបាញ់ត្រីសរុប២១គ្រឿង មិនដំណើរការ៨គ្រឿង ក្នុងនោះមានទូហ្គេមពង់បៀ១០គ្រឿង និងមិនដំណើរការ៤គ្រឿងផងដែរ ត្រូវបានលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ រៀបចំពិធីវាយកម្ទេចដុតបំផ្លាញចោលទាំងស្រុង ក្រោយពីប្រើគ្រប់វិធានការស្រាវជ្រាវ និងទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ក្នុងប្រតិបត្តិការបង្ក្រាបនាពេលកន្លងមក ចំនួន៣លើក ក្នុង១៦ទីតាំងផ្សេងៗគ្នា ក្នុងមូលដ្ឋាន ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពលើគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពិធីវាយកម្ទេចដុតទូហ្គេមចំនួន២១គ្រឿង ខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងលិចវិទ្យាល័យ ជា ស៊ីមចំរើនរដ្ឋ ក្នុងក្រុម៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីលោក លីន ញ៉ក់ អភិបាលរងខណ្ឌ អធិការរងនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសខណ្ឌ ចៅសង្កាត់ ចៅសង្កាត់រង នាយប៉ុស្ដិ៍ មេភូមិ អនុភូមិ មេក្រុម ប្រធាន អនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ ប្រធាន អនុប្រធានតាមបណ្ដាការិយាល័យចំណុះជុំនាញខណ្ឌ លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យឫស្សីកែវយ៉ាងច្រើនកុះករ។

លោក ជា ពិសី បានបញ្ជាក់ថា ក្នុងអំឡុងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានបង្ក្រាបល្បែងហ្គេមបាញ់ត្រីចំនួន៨ទីតាំង ស្ថិតនៅចំណុចជួរមាត់ទន្លេ ក្រោយប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដកហូតបានទូរហ្គេមបាញ់ត្រី១១គ្រឿង ក្នុងនោះមិនដំណើរការ៥គ្រឿង (មនុស្សរត់គេចខ្លួនអស់ ដោយស្ថានភាពផ្លូវតូចចង្អៀត និងមានច្រកតូចៗច្រើន) រហូតមកដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ កម្លាំងគណៈបញ្ជាការឯកភាព បានបន្តប្រតិបត្តិការបង្ក្រាប១ទីតាំងបន្ថែមទៀត នៅលើផ្លូវរថភ្លើង ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ដកហូតបានទូរហ្គេមបាញ់ត្រី២គ្រឿង និងទូរហ្គេមពង់បៀ១០គ្រឿង ក្នុងនោះមិនដំណើរការ៤គ្រឿង និងឃាត់ខ្លួនអ្នកលេងចំនួន១០នាក់ យកមកធ្វើកិច្ចសន្យាអប់រំ អោយត្រឡប់ទៅផ្ទះវិញ។

លោក ជា ពិសី បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានបន្តប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់បើកការបង្ក្រាបល្បែងហ្គេមបាញ់ត្រី៧ទីតាំងទៀត (នៅខាងក្រោយប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី១) ដោយដកហូតបានទូរហ្គេមបាញ់ត្រី៨បន្ថែមទៀត ក្នុងនោះមិនដំណើរការ៣គ្រឿង សរុប៣លើក ស្មើ១៦ទីតាំង ដកហូតបានទូរហ្គេមបាញ់ត្រី២១គ្រឿង ក្នុងនោះមិនដំណើរការ៨គ្រឿង និងទូរហ្គេមពង់បៀចំនួន១០គ្រឿង និងមិនដំណើរការ៤គ្រឿង។

លោកអភិបាលខណ្ឌ ជា ពិសី បានថ្លែងថា លោកសូមប្ដេជ្ញាចិត្តបង្ក្រាបឲ្យអស់នូវទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមានក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ជាពិសេសសូមឲ្យអាជ្ញាធរសង្កាត់-ភូមិ និងប្រជាពលរដ្ឋ ត្រូវចូលរួមសហការ និងមានវិធានការបន្តតាមដាន ខ្លាំមើលតទៅទៀត បើក្នុងករណីឃើញមានទីតាំងកំពុងប្រព្រឹត្តអំពីល្បែងស៉ីសង ដែលល្មើសច្បាប់ សូមរាយការណ៍ជាបន្ទាន់មកកាន់រដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីបង្ក្រាបទាន់ពេលវេលា ស្របតាមគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថភាពថ្មី ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីមូលដ្ឋានទទួលបានការអភិវឌ្ឍន៍ និងកាត់បន្ថយអំពើរ ចោរលួច ឆក់ ប្លន់ ដែលកើតចេញពីទីតាំងល្បែងស៉ីសងទាំងនោះ៕