(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ដែលសិស្សវិទ្យាល័យឥន្ទ្រទេវី ដែលត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពឆក់កាបូប។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ឯក ជាវ វិបុល បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះថា ជនសង្ស័យទាំង២នាក់នេះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករាម្សិលមិញ ក្រោយធ្វើសកម្មភាពឆក់កាបូបពីស្ដ្រីម្នាក់​មិនបានសម្រេច​ នៅមុខសាលាបឋមសិក្សាទួលគោក ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក នៅថ្ងៃទី១៥ ខែមករា។

បើតាមលោកនាយការិយាល័យ នៅថ្ងៃកើតហេតុជនសង្ស័យមានបក្ខពួក៤នាក់ ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាក និច ពណ៌ស-ខៀវ និងមួយគ្រឿងទៀត​ម៉ាក ឡេត ពណ៌ស ក្រោយធ្វើសកម្មភាពឆក់រួចជនសង្ស័យបានជិះគេចខ្លួន ពេលនោះកម្លាំងសមត្ថកិច្ចដែលល្បាតក្នុងភូមិសាស្ដ្រខាងលើ បានប្រដេញរហូតដល់ចំណុចក្រោយសាលាសន្ធរម៉ុក ក៏ដួលម៉ូតូហើយត្រូវប្រជាពលរដ្ឋចាប់វាយតប់ និងប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

ជនសង្ស័យដែលរត់មិនរួចទាំង២នាក់ ហើយត្រូវចាប់ខ្លួនបាននោះ ទី១៖ឈ្មោះ កុល វុទ្ធីពិធន់ អាយុ១៧ឆ្នាំ និងទី២៖ឈ្មោះ យិន សម្រស់ អាយុ១៧ឆ្នាំ​ ដោយឡែកក្រោយឃាត់ខ្លួន​ និងការធ្វើតេស្ដជនសង្ស័យទាំង២នាក់នេះ ក៏មានសារធាតុញៀនជាប់ខ្លួនផងដែរ៕