(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះថា កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកជើងព្រៃ បានឃាត់ខ្លូន ជនសង្ស័យ៣នាក់ និងដកហូតបានថ្នាំញៀនមួយចំនួន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅ​ រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ ជីវ សេងរស់ នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀន។

សម្រាប់ប្រតិបត្តិការបង្ក្រាបដោយប្រើវិធានញុះញង់ ហើយឃាត់ខ្លួនបានជនសង្ស័យ៣នាក់នោះរួមមាន ទី១៖ ​ឈ្មោះ ខឿន វត្ថី​ អាយុ២៥ឆ្នាំ, ទី២៖ ឈ្មោះ​ ខុន ស៊ីម៉េង​ អាយុ១៨ឆ្នាំ និងទី៣៖ ឈ្មោះ​ វ៉ាន់ ដារ៉ា ​អាយ២៦ឆ្នាំ​ នៅភូមិថ្មី​ ឃុំសំរោង ស្រុកព្រៃឈរ ក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌ស​​ចំនួន០៩កញ្ចប់ ទូរស័ព្ទដៃ០៣គ្រឿង និងម៉ូតូ០១គ្រឿង។ ក្រោយឃាត់ខ្លួន ជនសង្ស័យ ខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការ បន្ដតាមនីតិវិធី៕