(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបញ្ជាទិញរបស់ក្រុមហ៊ុននានាទាំងផ្នែកកសិកម្ម និងផ្នែកផ្សេងៗនៅតែបន្តបញ្ជាទិញ ដូចដែលមាននាឆ្នាំកន្លងទៅ ហើយភ្ញៀវទេសចរនៅតែបន្តមកកាន់កម្ពុជា គ្រាដែលឆ្នាំកន្លងទៅមានរហូតដល់ទៅជាង ៥លាននាក់។

សម្តេចតេជោ ហ៊ុន សែន បានបន្ដថា​ ព្រោះតែមានកំណើនភ្ញៀវទេសចរនេះហើយ ទើបកម្ពុជាចាប់ផ្តើមគិតគូរកសាងព្រលានយន្តនៅសៀមរាប និងនៅភ្នំពេញ ព្រោះព្រលានយន្តហោះបច្ចុប្បន្នមិនអាចឆ្លើយតបនឹងកំណើនភ្ញៀវបាននោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការបញ្ជាទិញនៃបណ្ដាក្រុមហ៊ុន ដែលនាំចេញពីកម្ពុជាទាំងវិស័យកសិកម្ម ទាំងវិស័យកសិកម្មនៅតែបន្ដរក្សានូវអ្វីដែលមានកាលពីពេលមុន អ្នកទេសចរណ៍ដែលរៀបចំធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា ក៏បន្ដមកតាមការគ្រោងទុករបស់ពួកគេ ហើយចំនួនទេសចរណ៍កាន់តែមានការកើនឡើង»

​ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ​យករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេច បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនីសរុបជិត១៧,០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន២០ នៅតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ។

សូមជម្រាបថា នៅឆ្នាំ២០១៧​ មានភ្ញៀវអន្តរជាតិដែលមកទស្សនាកម្ពុជាមាន ៥.៦លាននាក់ កើនឡើងជិត១២ភាគរយ ក្នុងនោះមានទេសចរចិន ១.២លាននាក់ ឈរលើលំដាប់លេខ១តែម្ដង។

ដោយឡែកការនាំចេញទំនិញប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម មានទឹកប្រាក់ចំនួន ៩,៥៥៩,២៧១,០៦៦ដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ ដែលមានទឹកប្រាក់សរុប ចំនួន៨,០១៧,៩៧៧,៣៨១ដុល្លារអាមេរិក គឺកើនឡើងចំនួន១៩.២២ភាគរយ, នេះបើតាមរបាយការណ៍បូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅបន្ដអនុវត្តន៍ការងារពាណិជ្ជកម្ម ឆ្នាំ២០១៨៕