(ព្រៃវែង)៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា លោកសូមស្នើដល់គ្រប់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្តទាំងអស់ ត្រូវបន្តផ្តល់សេវាសាធារណៈ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទទួលខុសត្រូវខ្ពស់ និងចុះដល់មូលដ្ឋានសហគ្រាសខ្នាតតូច និងមធ្យម ធ្វើការចុះបញ្ជីជូនពួកគាត់ ដើម្បីឲ្យមានការទទួលស្គាល់តាមផ្លូវច្បាប់។

ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ គឺក្នុងឱកាសដែលរូបលោក​ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង មុខតំណែងប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួម​ ពីសំណាក់លោកអភិបាល នៃគណៈអភិបាល​ខេត្ត​ព្រៃវែង លោកជាតំណាង លោកប្រធានក្រុមប្រឹក្សាខេត្ត​ព្រៃវែង លោក លោកស្រី ជាមន្ត្រីរាជការគ្រប់មន្ទីរ និងអង្គភាពជុំវិញខេត្ត​ព្រៃវែងជាច្រើននាក់។

ថ្លែងសំណេះសំណាលនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានកោតសរសើរដល់លោក កុយ កុសល អតីតប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មចាស់ ដែលបានចូលនិវត្តន៍ បានខិតខំអស់កំលាំងកាយចិត្ត បំពេញការងារក្នុងមន្ទីរ ដោយបន្សល់នូវស្នាដៃ និងបទពិសោធន៍ជាច្រើន រហូតដល់បច្ចុប្បន្ន។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បាន​ណែនាំដល់ប្រធានមន្ទីរថ្មី គឺលោក វ៉ាន់ សុភាព ត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ស្នាដៃថ្មីៗបន្ថែមទៀត ក្នុងការងារគ្រប់គ្រង ដឹកនាំអង្គភាព ដោយឈរលើស្មារតីទទួលខុសត្រូវ និងសាមគ្គីភាពផ្ទៃក្នុងខ្ពស់ តាមការឡើងប្តេជ្ញាចិត្តរបស់ខ្លួន។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្នើឲ្យមន្ត្រីមន្ទីរទាំងអស់ ខិតខំបម្រើសេវាសាធារណៈ នៅថ្នាក់មូលដ្ឋានឲ្យបានកាន់តែប្រសើរ និងបំពាក់បំប៉នចំណេះជំនាញបន្ថែម ដើម្បីត្រៀមទទួលយកការងារ តាមរយៈការធ្វើប្រតិភូកាន់អំណាច ពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ។ ចំណុចនេះ លោកទេសរដ្ឋមន្ត្រី បានណែនាំជាថ្មីទៀត ឲ្យមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រៃវែង ក៏ដូចជាគ្រប់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្ត ដទៃទៀត ពិនិត្យឲ្យអស់លទ្ធភាព ដើម្បីចុះដល់មូលដ្ឋានសហគ្រាសខ្នាតតូច និងមធ្យម ធ្វើការចុះបញ្ជីជូនពួកគាត់ ដើម្បីឲ្យមានការទទួលស្គាល់​តាមផ្លូវច្បាប់ ងាយស្រួលគ្រប់គ្រង និងជួយគាំទ្រពួកគាត់៕