(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា នៅក្នុងឱកាសជំនួបលើកទី២ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែមករា​ ឆ្នាំ២០១៨ ខាងមុខនេះ នឹងមានអ្នកសារព័ត៌មានចម្រុះជិត ២ពាន់នាក់ ចូលរួម ដែលធ្វើឱ្យពិធីនេះ កាន់តែធំជាងឆ្នាំមុនផងដែរ។

ការបញ្ជាក់របស់ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសម្ពោធបើកក្រុមហ៊ុនផ្សព្វផ្សាយថ្មីមួយ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នាល្ងាចថ្ងៃទី១៦ ខែមករា​ ឆ្នាំ២០១៨នេះ។

លោក ខៀវ កាញារីទ្ធ បានថ្លែងថា ជំនួបរវាងមេដឹកនាំប្រទេស ជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យ ជាលក្ខណៈទ្រង់ទ្រាយធំបែបនេះ មិនមែនមានតែ កម្ពុជាមួយនោះទេ។ លោកប្រាប់ថា នៅប្រទសរុស្ស៊ី និងសហរដ្ឋអាមេរិក តែងបានធ្វើពិធីនេះជាទៀងទាត់។ ដោយឡែកប្រទេសចិន ក៏មានដែរ ប៉ុន្តែមិនមែនរាល់ឆ្នាំទេ។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានកំណត់យកថ្ងៃអាទិត្យទី២១ ខែមករា ឆ្នាំ២០១៨ ដើម្បីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន​ក្នុងស្រុក ទូទាំងប្រទេសជាលើកទី២ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ។​ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ។

ការជួបជុំគ្នារវាងនាយករដ្ឋមន្ដ្រី និងអ្នកសារព័ត៌មានក្នុងស្រុក បានធ្វើឡើងជាលើកដំបូង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ហើយសម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងជួបជាមួយអ្នកសារព័ត៌មាន ក្នុងពិធីបែបនោះ រៀងរាល់មួយឆ្នាំម្ដង៕