(ភ្នំពេញ)៖ ​រយៈពេលពេញ១ឆ្នាំ២០១៧ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ក្រាបរថយន្ដដឹកជញ្ជូនលើសទម្ងន់កម្រិតចំនួន៩២៣,៦៥៨គ្រឿង ក្នុងនោះ បានផាកពិន័យរថយន្ដចំនួន២,៩៥៣គ្រឿង ដោយគិតជាថវិកាបានចំនួន ៥,៧៧៨,៨២០,២០០រៀល។ នេះបើតាមការឲ្យដឹងពីលោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ​ឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួង​សាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានឲ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះថា នៅឆ្នាំ២០១៧ ក្រសួងសាធារណ​ការ បានត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស និងបានត្រួតពិនិត្យរថយន្ដសរុបចំនួន២៣,៦៧៨គ្រឿង ក្នុងនោះកាត់ទ្រុងបានចំនួន ១,២១៥គ្រឿង។

លោកបានថ្លែងបន្ដទៀតថា ជាមួយគ្នានោះក្រសួងក៏បានត្រួតពិនិត្យយានដ្ឋានជួសជុលសរុបចំនួន៣,០៦៩កន្លែង ក្នុងនោះអត់មានច្បាប់ចំនួន​១,២៥០កន្លែង និងបាន​ត្រួតពិនិត្យយានដ្ឋានកែច្នៃ និងតម្លើងសរុបចំនួន១៧៧កន្លែង អត់ច្បាប់ចំនួន​៤៨កន្លែង៕