(ភ្នំពេញ)៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់អង្គភាពព័ត៌មាន Fresh News ថា រយៈពេល ១៤ថ្ងៃខែមករា ឆ្នាំ២០១៨នេះ ការដាក់ឲ្យអនុវត្តកម្មវិធីថ្មីរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះ បេឡាជាតិរបបសន្តិសុខសង្គម បានផ្តល់ថវិកាសរុប ៦៧១.៦លានរៀល ជូនកម្មការិនីសម្រាលកូន ១,៦៦៥នាក់។

លោក ហេង សួរ បានឲ្យដឹងថា មានទារក ទារិកា ដែលជាកូនៗរបស់កម្មការិនីរហូតដល់ទៅ ១,៦៧៩នាក់បានសម្រាល ហើយគិតចាប់ពីថ្ងៃទី១ មកដល់ថ្ងៃទី១៤ ខែមករា មានកម្មការិនីដែលសម្រាលបានកូនភ្លោះ២ ចំនួន ១៤នាក់។

សូមជំរាបថា ដើម្បីជួយសម្រាលដល់ទុក្ខលំបាករបស់កម្មការិនីនោះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយឧបត្ដម្ភថវិកាដល់កម្មការិនីពេលឆ្លងទន្លេ។ ក្នុងនោះកម្មការិនីសម្រាលបានកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាប់អ្នកសម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០ម៉ឺនរៀល ខណៈអ្នកសម្រាលបានកូនភ្លោះបី នឹងបានប្រាក់ឧបត្ថម្ភ ១,២០០,០០០រៀល។

គោលនយោបាយជួយជាពិសេសដល់កម្មការិនីនេះ ត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។ រាជរដ្ឋាភិបាល បានត្រៀមបម្រុងចំណាយថវិកាប្រមាណ ១០លានដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់ឧបត្ថម្ភដល់កម្មការិនីពេលឆ្លងទន្លេ៕