(ភ្នំពេញ)៖ លោក សោម អូន ប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា និងជាប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារចុះទៅសួរសុខទុក្ខ និងផ្តល់ថវិកា ព្រមទាំងអំណោយមួយចំនួនជូនដល់​បងប្អូនកម្មករ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ ដែលពួកគាត់បានរងគ្រោះ ដោយសារគ្រោះថ្នាក់ក្រឡាប់រថយន្ត នៅពេលធ្វើដំណើរចេញពីរោងចក្រ ត្រឡប់ទៅលំនៅដ្ឋានវិញ​។

លោក សោម អូន បានបញ្ជាក់ថា រថយន្តដឹកទំនិញទម្ងន់មួយតោនកន្លះ ដែលបានគ្រោះថ្នាក់នោះ គឺបានដឹកកម្មករចំនួនប្រមាណ៥០នាក់ និងបានបង្កឲ្យមានកម្មកររបួសធ្ងន់ស្រាលប្រមាណ​២០នាក់ ហើយមកដល់ពេលនេះ មានកម្មកររបួសធ្ងន់ចំនួន​០៧នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាលម៉ែត្រ ។

ប្រធានសហជីពធំមួយនេះ ក៏បានកោតសរសើរដល់មន្ទីរពេទ្យកាលម៉ែត្រ និង​បេឡាជាតិសន្តិសុខសង្គម ប.ស.ស ដែលបានយកចិត្តទុកដាក់ ក្នុងការជួយព្យាបាលដល់បងប្អូនកម្មករ និងសូមជូនពរដល់បងប្អូនកម្មករទាំងអស់ឆាប់ជាសះស្បើយ​។

លោក សោម អូន បានបន្ថែមថាបើតាមលោកសិក្សា ការគ្រោះថ្នាក់ខាងលើនេះ គឺកើតឡើងដោយការធ្វេសប្រហែសរបស់អ្នកបើកបរ ជ្រុលចង្កូតទៅប៉ះរថយន្តនៅម្ខាងផ្លូវមួយទៀត ​ជាហេតុបង្កឲ្យដាច់កង់រថយន្តខាងមុខក្រឡាប់តែម្តង​។

លោកសូមអំពាវនាវដល់អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ ត្រូវទទួលខុសត្រូវចំពោះសុវត្ថិភាព និង​ជីវិតកម្មករ និងត្រូវតែប្រុងប្រយ័ត្នក្នុងការបញ្ជាយាន្តយន្ត ក៏ពិសេសអ្នកបើកបរត្រូវតែចេះច្បាប់ចរាចរណ៍ និងមានប័ណ្ឌបើកបរត្រឹមត្រូវ​៕