(ភ្នំពេញ)៖ បច្ចុប្បន្ននេះការផលិតស្រូវអង្ករ ហាក់ស្ថិតនៅក្នុងភាពបុរាណនៅឡើយ ដែលការប្រើប្រាស់វិធីសាស្ត្រតាមបែបទំនើប ហាក់នៅមានកម្រិត ដើម្បីឲ្យវិស័យស្រូវអង្ករកម្ពុជាវិវត្តខ្លួន ទៅជាកសិកម្មបែបទំនើប កម្ពុជាគ្រោងនឹងជំរុញឲ្យមានការអភិវឌ្ឍន៍ការធ្វើកសិកម្មលើវិស័យស្រូវអង្ករ​ តាមបែបទំនើបបន្ថែមទៀត។ នេះបើតាមការឲ្យដឹងពីលោក មូល សារិទ្ធ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា។

លោក មូល សារិទ្ធ ឲ្យដឹងថា ការជំរុញឲ្យមានការអភិវឌ្ឍន៍វិស័យស្រូវអង្ករតាមបែបទំនើបនេះ ដើម្បី​បង្កើនទិន្នផលស្រូវ មានន័យថា កាលពីរយៈពេលប៉ុន្មានឆ្នាំមុន ការដាំដុះស្រូវតាមបែបបុរាណទទួលផលបានត្រឹមតែ២-៣តោនប៉ុណ្ណោះ ប៉ុន្ដែប្រសិន​បើធ្វើតាមបែបទំនើបកម្មវិញ អាចទទួលផលបានរហូតដល់៥តោន ឬច្រើនជាងនេះ។ មួយវិញទៀតវិស័យស្រូវអង្ករកម្ពុជា ប្រឈមនឹងបញ្ហាថ្លៃដើមខ្ពស់ តែបើកម្ពុជាអាចប្រើប្រាស់តាមបែបទំនើប នោះវាក៏អាចនឹងកាត់បន្ថយថ្លៃដើម ក្នុងខ្សែសង្វាក់ផលិតកម្ម ព្រោះថា នៅពេលដែលផលិតបានច្រើននោះតម្លៃ​ថ្លៃដើមនឹងកាត់បន្ថយដូចគ្នាដែរ។

លោកបានបន្ដទៀតថា ប្រសិនបើកម្ពុជាមិនធ្វើទំនើបកម្មនោះទេ នោះការនាំចេញ, ការផលិត នឹងកើនត្រឹមតែបរិមាណតិចតួចតែប៉ុណ្ណោះ។ បើកម្ពុជា​ជំរុញការធ្វើទំនើបកម្មបាននោះ នឹងមានការកើនឡើងខ្ពស់ បើក្រឡេកទៅមើលប្រទេសជិតខាង ឃើញថាពួកគេបានធ្វើទំនើបកម្មនេះដំណើរទៅ​យ៉ាងល្អ ​ដូចជាប្រទេសថៃជាដើម។

លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះការប្រើប្រាស់បែបបុរាណនៅតែមានច្រើន ដើម្បីឲ្យការធ្វើទំនើបកម្មទទួលបានផលល្អប្រសើរ ត្រូវជំរុញឲ្យ កសិករ ឬសហគមន៍ ប្រើប្រាស់នូវគ្រឿងចក្រ គ្រឿងយន្ដ ក្នុងការដាំដុះ។ ការប្រើប្រាស់ទំនើបកម្មនេះ បានជួយកាត់បន្ថយកម្លាំងពលកម្ម, ការចំណេញពេលវេលា មួយវិញទៀតការប្រើប្រាស់គ្រឿងយន្ដនេះ មានអត្ថប្រយោជន៍ច្រើនណាស់ដូចជា ជួយពង្រាបដីឲ្យស្មើល្អ ធ្វើឲ្យដីធូរក្នុងការដាំដុះ និងទទួលបាន​លទ្ធផលគួរជាទីពេញចិត្ត។

លោកបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំសហព័ន្ធស្រូវអង្ករកម្ពុជា តែងតែរៀបចំវេទិការស្រូវអង្ករកម្ពុជា ហើយគោលបំណងសំខាន់ក្នុងការរៀបចំវេទិការ​នេះគឺ ការធ្វើបច្ចុប្បន្នភាពពីវិស័យស្រូវអង្ករ ដើម្បីដឹងពីផលវិបាក បញ្ហាប្រឈម និងដំណោះស្រាយ។

លោកបន្ដទៀថា ឆ្នាំនេះពិតជាពិសេសជាង រាល់ឆ្នាំចំពោះការរៀបចំ វេទិការស្រូវអង្ករកម្ពុជា ដែលទទួលបានសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងនោះក៏​មាន​សមិទ្ធផលថ្មីមួយ ដែលបានដាក់សម្ពោធក្នុងវេទិការស្រូវអង្ករកម្ពុជា ដែលហៅថា ការសម្ពោធម៉ាកវិញ្ញាតកម្មអង្ករជាតិ ដែលមានឈ្មោះថា «ម្លិះអង្គរ» ដែល​បានបង្កើតមកក្នុងរយៈពេលពីរឆ្នាំមកហើយ ដែលបានចំណាយពេលវេលា, ថវិកាជាច្រើន និងបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ហើយនឹង​ត្រូវដាក់​បញ្ជូលក្នុងការសម្ពោធ ក្នុងកម្មវិធីស្រូវអង្ករនាថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០១៨ខាងមុខ៕