(ពោធិ៍សាត់)៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និងរងរបួសស្រាលម្នាក់ ក្នុងហេតុការណ៍ គ្រោះធម្មជាតិរន្ទះបាញ់ ខណៈទៅរើសដំឡូងមី ចំពេលដែលមេឃគ្មានភ្លៀង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចចំការដំឡូងមី ខាងកើតបន្ទាយវរៈ១៤៣ នៃកងពលតូចអន្តរាគមន៍លេខ១៤ ស្ថិតភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

អធិការស្រុកក្រគរ លោក ឯម រុន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យូ សុលាង  (ហៅពៅ) ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្លាប់) មានប្រពន្ធ និងកូន៤នាក់ ស្រី២នាក់។ និងឈ្មោះ អ៊ន សុខឿន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកូនក្រាយ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (របួសស្រាល)។

លោកអធិការបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានទៅប្រមូលដំឡូងមី នៅចំណុចកើតហេតុខាងលើ ខណៈដែលមេឃមានពពកខ្មៅដុំៗ និងមានធ្លាក់ខ្យលធម្មតា តែមិនមានភ្លៀងធ្លាក់នោះ ស្រាប់តែត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសស្រាលម្នាក់ (ដឹកខ្លួនពេលដឹកមកដល់ផ្ទះបងប្អូន)។

ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕